ប្រជុំរឿងព្រេងខ្មែរ/ភាគទី១/25
២៥- រឿង បុរសកុហក៤នាក់
កាលពីព្រេងនាយ មានបុរសកុហក ៤ នាក់ មកជួបជុំគ្នា រួមគំនិត គិតដើរទៅរកឆរបោកបញ្ឆោត យកទ្រព្យសម្បត្តិគេ នៅគេហដ្ឋាន ឆ្ងាយពីលំនៅរបស់ខ្លួន ព្រមព្រៀងគ្នាស្រេចហើយ ក៏នាំគ្នាដើរទៅ លុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់ពីរនាក់ ជាអ្នកធ្វើចម្ការកប្បាស នៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេ ។ បុរសកុហក ៤ នាក់នោះបានដឹងដំណឹងថា តាចាស់ ដូនចាស់ ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើ ក៏គិតគ្នាថា «យើងត្រូវនាំគ្នាឈប់ទៅទីនេះ ដើម្បីភូតកុហក យកទ្រព្យសម្បត្តិតាចាស់ ដូនចាស់នេះឲ្យបាន» បុរស ៤ នាក់នោះ ទៅដល់សួរតាចាស់ដូនចាស់ថា «ឱ ! តាយាយអើយ ! យើងខ្ញុំទាំង ៤ នាក់នោះមកពីស្រុកឆ្ងាយណាស់ ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹង ព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណនាយមក, តែវេលានេះ បានមកជួបនឹងតាយាយ ៗ ប្រហែលជាចេះដឹងរឿងបុរាណមកខ្លះមិនខាន បើដូច្នេះ សូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយ ឲ្យចៅស្ដាប់បន្តិច » ។ តាចាស់ដូនចាស់ ក៏ឆ្លើយតបទៅបុរសទាំង ៤ នាក់វិញថា « ចៅអើយចៅ ! តាំងពីក្មេងដល់ចំណាស់ប៉ុណ្ណេះហើយ តាយាយគ្មានចេះរឿងព្រេងអ្វីទេ សូមចៅអញ្ជើញទៅរកសួរអ្នកឯទៀតចុះ » ។ បុរសទាំង ៤ នាក់ ក៏ជម្រាបទៅតាយាយវិញថា « ឱ តាយាយអើយ ! បើប្រសិនជាមានគេចេះរឿងព្រេងនោះ តាយាយចង់ស្ដាប់ឬទេ ? ។ « ឱ ! ចៅអើយ ! តាយាយចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មាន » ។ បុរសទាំង ៤ នាក់ ក៏ជម្រាបទៅតាយាយវិញដោយកិច្ចកល ប៉ងនឹងបោកយកទ្រព្យសម្បត្តិ តាចាស់ដូនចាស់នោះ ឲ្យបានដោយងាយថា « យើងខ្ញុំទាំង ៤ នាក់នេះ ចេះខ្លះដែរ ព្រោះបានដឹងពីជីតាខ្ញុំគាត់និទានប្រាប់ តែរឿងនេះ បើនិយាយទៅកាលណា តាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បាន» ។ តាយាយក៏ព្រមព្រៀងឲ្យបុរសទាំង ៤នាក់នោះនិយាយ ។
បុរសទី ១ ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថា : កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន ៣ ខែ ម្ដាយខ្ញុំ គាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំ ដើមវាមានកម្ពស់ប្រហែល ៨ ព្យាម ហើយមានផ្លែតែមួយផង គាត់មិនដឹងជាគិតដូចម្ដេច នឹងបានផ្លែឈើនោះមកពិសា ។ លុះខ្ញុំបានដឹងថា គាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃគាត់តាមទ្វារមាស ទៅឡើងបេះទុរេននោះ យកមកជូនគាត់ពិសា, រួចស្រេច ខ្ញុំត្រឡប់ចូលទៅក្នុងផ្ទៃគាត់វិញ ។
បុរសទី ២ ថា : កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន ៦ ខែ ឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែ ចម្ការ ច្បារដំណាំពេក ខ្ញុំចេញពីផ្ទៃគាត់មក នៅធ្វើស្រែចម្ការ ឃ្វាលគោ ក្របី ដណ្ដាំបាយ ដងទឹក ជំនួសគាត់ ពីព្រឹកព្រហាម លុះល្ងាច អស់ការធ្វើ ខ្ញុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ ជារៀងរាបដរាបមក ។
បុរសទី ៣ ថា « ឱ ! តាយាយអើយ ខ្លួនខ្ញុំនេះ ជាទេវបុត្តច្យុតចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសព្វថ្ងៃនេះ ខ្ញុំចេញពីទ្វារមាសវេលាណា បានមកបម្រើគាត់សព្វសារពើ, ដល់ខ្ញុំចាស់ទៀបនឹងស្លាប់ ខ្ញុំសុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ ដើម្បីកុំឲ្យស្លាប់ទាន់ ហើយកើតម្ដងទៀតឲ្យបានជាក្មេងឡើងវិញ » ។
បុរសទី ៤ ថា : ខ្លួនខ្ញុំនេះ ចាប់តាំងតែចេញពីផ្ទៃម្ដាយកាលណាមក ខ្ញុំរក្សាសីល ៥ ចាំសីល ៨ តែសីលខ្ញុំ ប្លែកពីសីលអ្នកទាំងពួងចង់ផឹកស្រា ជក់អាភៀន សម្លាប់ជីវិតគេក៏បាន , លុះដល់ខ្ញុំស្លាប់ទៅ ៗ កើតជាទេវតា សោយរាជសម្បត្តិនៅឋានសួគ៌ ។
បុរសទាំង ៤ នាក់នោះ និយាយភូតកុហកគ្រប់គ្នាហើយ ក៏សួរទៅតាចាស់ដូនចាស់ថា « រឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះ តើតាយាយជឿឬទេ ? តាយាយ ឆ្លើយតបទៅវិញថា « រឿងនោះតាយាយ ជឿហើយចៅ ! » ។ តែក្នុងគំនិតគាត់ទាំង ២ នាក់ គិតឃើញជាស្រេចថា « បុរសទាំងនេះ សុទ្ធតែនិយាយកុហកទាំងអស់ » ។
ដល់បុរសទាំង ៤ នាក់នោះ ទាល់ប្រាជ្ញា ក៏ឲ្យតានោះ និយាយរឿងប្រាប់ម្ដងវិញ, ប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះ គាត់បានសន្យាដូចបុរសទាំង ៤ នាក់នោះដែរ , លុះព្រមព្រៀងទាំងអស់គ្នា ទើបតាចាស់និយាយ ។
តាថា « ឱ ! ចៅអើយ ! កាលតានិងយាយមកធ្វើចម្ការកប្បាសនេះបាន ៥ -៦ ឆ្នាំ មានទ្រព្យសម្បត្តិប្រាក់មាស ល្មមនឹងចិញ្ចឹមចៅទាំង ៤ នាក់នេះបាន តែនៅឆ្នាំមួយមុននោះ កប្បាសមិនផ្លែសោះ មិនដឹងជារឿងហេតុអ្វី, មានមួយថ្ងៃ តាដើររុកក្នុងចម្ការទៅ ឃើញដើមកប្បាស ១ ដើម ទំហំប៉ុនដើមត្នោត មានផ្លែមួយធំ តាក៏ឡើងបេះយកមកផ្ទះ, ដល់តានិងយាយនាំគ្នាបកមើលឃើញមានគ្រាប់ ៤ ក្នុងមួយគ្រាប់ ៗ មានកុមារម្នាក់ៗ គ្រប់គ្រាប់ទាំង ៤, តាបានឲ្យយាយគាត់បំបៅបីបាច់រក្សា, លុះដល់កុមារទាំង ៤ នាក់នោះ ធំវេលាណាឡើងក៏នាំគ្នារត់ចោលតានិងយាយទាំងអស់ទៅ, ឥឡូវតាឃើញចៅទាំង ៤ នាក់នេះត្រឡប់មកវិញហើយ ។
បុរសទាំង ៤ នាក់ ភិតភ័យខ្លាំង ក៏នាំគ្នាឆ្លើយប្រកែកទៅនឹងតាចាស់ ដូនចាស់វិញថា « មិនមែនទេ » ។ តាយាយសួរទៅវិញថា « ហេតុអ្វីក៏ចៅថាមិនមែន, បើចៅចេះតែប្រកែកយ៉ាងនេះ នុះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយ, បើដូច្នេះ ត្រូវចៅទាំង ៤ នាក់មកនៅបម្រើតា ទើបត្រូវនឹងពាក្យសន្យា » ។ បុរសកុហក ៤ នាក់គេចមិនរួច ក៏នៅបម្រើតាយាយទៅ ។
ពាក្យច្រើនភូត ចាញ់អាត្មា