ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/10
១០- រឿងបុរសម្នាក់ទៅជួញ ភ្លើងឆេះទំនិញក្នុងសំពៅ
ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ២៧ - ២៩
មាននិទានមួយថា : មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន ចុះសំពៅទៅជួញ មានកូនក្មួយសុំដោយសារសំពៅទៅជួញជាមួយជាច្រើននាក់ ។ ឯម្ចាស់សំពៅនោះចិញ្ចឹមឆ្មា ១ ទុកជាមង្គលក្នុងសំពៅ ហើយឲ្យកូនក្មួយ ៤ នាក់រក្សាជើងឆ្មាទាំង ៤ មួយៗ ម្នាក់ ។ ឆ្មានោះកើតដំបៅនៅជើងម្ខាង ។ ចៅអ្នករក្សាជើងឆ្មាដំបៅនោះយកសំពត់ជ្រលក់ប្រេងរុំជើងឆ្មា ៗ នោះនៅមិនស្ងៀមសោះដើរជាន់ដើរទៅជាន់លើភ្លើង ឆេះសំពត់ក្ដៅដល់ជើង ឆ្មានោះនាំភ្លើងរត់ទៅក្នុងសំពៅឆេះអស់ទ្រព្យនឹងទំនិញទាំងពួងនៅក្នុងសំពៅនោះឥតសល់តិចឡើយ ។ ម្ចាស់សំពៅប្រាប់ចៅទាំង ៤ នាក់ដែលរក្សាជើងឆ្មានោះឲ្យសងទ្រព្យទាំងអស់ ។ ចៅរក្សាជើងឆ្មា ៣ ដែលគ្មានដំបៅឆ្លើយថា “ខ្ញុំពុំបានឲ្យឆេះទ្រព្យទេ ចៅដែលរក្សាជើងឆ្មាដំបៅយកសំពត់ជ្រលក់ប្រេងរុំជើងឆ្មា ហើយឆ្មានោះដើរទៅលើភ្លើង បានជាឆេះអស់ទំនិញទាំងនោះ ដូច្នេះ ត្រូវឲ្យតែចៅរក្សាជើងឆ្មាដំបៅនោះសងម្នាក់ឯងចុះ” ។ ឯចៅរក្សាជើងឆ្មាដំបៅឆ្លើយថា “ យើងរក្សាជើងឆ្មាមួយម្នាក់ដូចគ្នា មកពីយើងធ្វេសប្រហែសទាំងអស់គ្នា បានជាឆ្មានាំភ្លើងទៅឲ្យឆេះអស់ទ្រព្យក្នុងសំពៅ ហេតុនេះឲ្យអញសងតែម្នាក់ឯងដូចម្ដេចបាន ” ។ ចៅទាំង ៤ នាក់បន្ទោសគ្នាទៅវិញទៅមកប្រកែកមិនព្រមរកទ្រព្យសងម្ចាស់សំពៅឡើយ ទើបនាំគ្នាទៅប្ដឹងចៅក្រមតាមដំណើររាល់ខ្លួន ។ ចៅក្រមកាត់សេចក្ដីនោះពុំបាន ក៏នាំបុរសទាំង ៤ នាក់ទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលតាមដំណើរដែលចៅទាំង ៣ នាក់និងចៅម្នាក់ផ្សេងពីគេ ។ ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ហើយ ទ្រង់មានព្រះបន្ទូលកាត់សេចក្ដីថា “ព្រះស្ដែងរក្សាជើងឆ្មាដំបៅយកសំពត់ជ្រលក់ប្រេងរុំជើងដំបៅ ជើងដំបៅមិនអាចដើរទៅដល់ភ្លើងបានឡើយ, ឯព្រះស្ដែងទាំង ៣ នាក់រក្សាជើងឆ្មាទាំង ៣ ដែលគ្មានដំបៅនោះធ្វេសប្រហែស បានជាជើងទាំង ៣ នាំជើងដំបៅមួយទៅជាន់ភ្លើងឆេះសំពត់ជ្រលក់ប្រេង គឺជើងជាទាំង ៣ នោះនាំភ្លើងរត់ទៅឲ្យឆេះអស់ទ្រព្យផងទាំងនោះ, ឯជើងដំបៅ ១ នឹងរត់នាំភ្លើងទៅឲ្យឆេះអស់ទ្រព្យទាំងនោះ យល់ជាពុំបានឡើយ ប៉ុន្តែវាធ្វើខុសដែរ ត្បិតយកសំពត់ជ្រលក់ប្រេងមករុំជើងឆ្មាហើយមិនចាំរក្សា ឃើញថាធ្វេសប្រហែសដូចគ្នាទាំង ៤ នាក់ ” ទើបទ្រង់ឲ្យបែងចែកទ្រព្យដែលភ្លើងឆេះទាំងអស់ នោះជាភាគ ៣ ឲ្យទៅរក្សាជើងឆ្មាដំបៅសងភាគ ១ ឲ្យចៅទាំង ៣ នាក់ដែលរក្សាជើងឆ្មាឥតដំបៅនោះសងភាគ ២ ” ។ ព្រះមហាក្សត្រកាត់ក្ដីយ៉ាងនេះ ហៅសុគតិគមនំហោង ។