ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/19
១៩- រឿង ព្រះរាជបុត្រ ៣ អង្គរៀនសិល្ប ៣ យ៉ាង
ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៦៥ - ៦៦
-មួយអង្គរៀនសិល្បធ្នូ ,
-មួយអង្គរៀនហោរាសាស្ត្រ ,
-មួយអង្គរៀនយកចិត្តរេហ៍ពល ។
មាននិទានមួយថា : មាននគរមួយ ព្រះមហាក្សត្រជាអម្ចាស់នគរនោះមានព្រះរាជបុត្រសុទ្ធតែប្រុសទាំង ៣ ព្រះអង្គកាលចម្រើនធំឡើងសុទ្ធតែចេញទៅស្វែងរករៀនសិល្បសាស្ត្រទាំងអស់ គឺប្អូនបង្អស់រៀនរៀនសិល្បធ្នូ, បងបន្ទាប់រៀនហោរាសាស្ត្រ, បងបង្អស់រៀនយកចិត្តរេហ៍ពលសកលយោធា ។ ព្រះរាជបុត្រទាំង ៣ អង្គនេះសុទ្ធតែបានរៀនចេះចប់សព្វគ្រប់ប្រការទីទៃ ៗ ហើយវិលមកនគរព្រះវរបិតាវិញ ។ ព្រះវរបិតាទ្រង់ព្រះចិន្ដាថា “ បើដូច្នេះអញនឹងឲ្យកូនណាសោយរាជស្នងអញ ” ។ ទ្រង់ព្រះចិន្ដាពិចារណាពុំស្រេចក្នុងព្រះរាជហឫទ័យឡើយ ទើបឲ្យព្រាហ្មណ៍អ្នកប្រាជ្ញរាជបុរោហិតនិងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ ទៅដណ្ដឹងសួរមហាឫសីថា “ រាជបុត្រទាំង ៣ អង្គនេះ គួរឲ្យអង្គណា សោយរាជ្យស្នងឪពុក ? ” ។ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតនិងមុខមន្ត្រី សេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ អាមាត្យទៅដល់មហាឫសីពិតពុទ្ធដីកាដោយនូវដំណើរថា “ បពិត្រមហាឫសីអើយ ព្រះមហាក្សត្រជាអម្ចាស់យើងខ្ញុំមានព្រះរាជបុត្រ ៣ ព្រះអង្គ សុទ្ធតែចេះសិល្បសាស្ត្រគឺ ១ ចេះសិល្បធ្នូ, ១ ចេះហោរាសាស្ត្រ, ១ ចេះយកចិត្តរេហ៍ពលសកលយោធា, បណ្ដាអង្គទាំង ៣ នេះតើអង្គណាគួរគ្រងរាជសម្បត្តិបាន ? ” ។ មហាឫសីឆ្លើយថា “ អ្នកចេះយកចិត្តរេហ៍ពលសកលយោធាគួរបានជាស្ដេច, អ្នកចេះសិល្បធ្នូគួរទុកជាសេនាបតី, អ្នកចេះហោរគួរទុកជាឧបរាជ ដើម្បីតម្រែតម្រង់សេចក្ដីគាប់ខុសស្នងអង្គស្ដេច សម្រេចការខុសត្រូវដោយនូវប្រការអម្បាលនេះឯងហោង ។