ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/29
រឿង បុរស២នាក់កាប់ឈើធ្វើអង្គប់
មាននិទានមួយថា : មានបុរស ២ នាក់បបួលគ្នាទៅកាប់ឈើធ្វើអង្គប់ ចៅម្នាក់រំលំ ចៅម្នាក់ក្របែលចុង ស្រេចហើយក៏សែងឈើនោះទៅ ។ ចៅដែលកាប់ដើមឈើនោះសែងខាងដើម ចៅដែលក្របែលចុងឈើនោះសែងខាងចុង កាលសែងទៅដល់ផ្ទះ ធ្វើជាអង្គប់នោះ សឹងព្រួយស្មើគ្នា លុះត្រូវសត្វក៏ពន្លាត់ពន្លះសាច់ចែកស្មើគ្នា នៅសល់តែក្បាល ទើបចៅទាំង ២ ដណ្ដើមក្បាលសត្វផងគ្នា ហើយនាំទៅដល់ចៅក្រម ៗ កាត់សេចក្ដីចៅទាំង ២ នាក់ពុំបាន ទើបចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “នរណាសែងខាងដើម នរណាសែងខាងចុង ? ” ។ ចៅម្នាក់ទូលថា “ ខ្ញុំព្រះបាទអម្ចាស់សែងខាងចុង ” ចៅម្នាក់ទូលថា “ ខ្ញុំព្រះបាទអម្ចាស់សែងខាងដើម ” ។ ព្រះមហាក្សត្រទ្រង់កាត់ឲ្យបានក្បាលសត្វនោះ ទៅចៅសែងខាងដើម ។ ព្រះអង្គកាត់ដូច្នេះ ចៅទាំង ២ នាក់ក៏ល្មមចិត្តគ្រប់គ្នា ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។