Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/38

From Wikisource

៣៨- រឿង​ ឈ្មួញ​ម្នាក់​មាន​ដើម​ទុន​តែ ១ ហួង




មាន​និទាន​មួយ​ថា : មាន​បុរស​ម្នាក់​ទៅ​ជួញ មាន​ដើម​ទុន​តែ​ហួង​មួយ បាន​ចំណេញ​ប្រាក់​មួយ​ពាន់ ។ គ្រា​នោះ​មាន​បុរស​កម្សត់​ម្នាក់​ចួន​កាល​មួយ​ថ្ងៃ​បាន​ហូប​បាយ​ម្ដង ចួន​កាល ២ ថ្ងៃ​បាន​ហូប​បាយ​ម្ដង សំពត់​ពុំ​មាន​ស្លៀក ។ ថ្ងៃ ១ មាន​គេ​ឲ្យ​សំពត់​ស្លៀក ក៏​ស្លៀក​សំពត់​នោះ​ដើរ​ទៅ​ប្រប​ស្ទឹង ។ បុរស​អ្នក​ជួញ​បាន​ប្រាក់​មួយ​ពាន់​នោះ ពុន​ប្រាក់​និង​បាយ​សំណុំ ដើរ​ទៅ​ដល់​មាត់​ស្ទឹង​នោះ​គិត​នឹង​ឆ្លង ។ ស្ទឹង​នោះ​មាន​ទឹក​ជន់​ឆ្លង​ពុំ​រួច ទើប​បុរស​នោះ​និយាយ​នឹង​បុរស​កម្សត់​ថា “ មិត្ត​អើយ ! ចម្លង​អញ​ផង អញ​ឲ្យ​ឈ្នួល ” ។ បុរស​កម្សត់​ថា “ អញ​មិន​ចម្លង​ទេ​ព្រោះ​ទទឹក​សំពត់​អញ ៗ ស្ដាយ​សំពត់​ណាស់ ” ។ បុរស​ពុន​ប្រាក់​នោះ​និយាយ​លោម​ថា “ មិត្ត​អើយ ! បើ​មិត្ត​ចម្លង​អញ ៗ នឹង​ឲ្យ​ឈ្នួល​ជា​ទ្រព្យ​សម្លាញ់​ពេញ​ចិត្ត” ។ ទើប​បុរស​កម្សត់​នោះ​ព្រម​ចម្លង​បុរស​ពុន​ប្រាក់​នោះ​រួច​ដល់​ត្រើយ ហើយ​ក៏​ទា​ឈ្នួល​ថា “ឯ​ណា​មិត្ត​ថា​ឲ្យ​ទ្រព្យ​សម្លាញ់​ពេញ​ចិត្ត​អញ​នោះ ? ” ។ បុរស​ពុន​ប្រាក់​ថា “ មាន​តែ​បាយ​នេះ​ឯង​ជា​ទ្រព្យ​សម្លាញ់ ” ។ បុរស​កម្សត់​ឆ្លើយ​ថា “ចៅ​ឯង​បាន​មត់​នឹង​អញ​ថា នឹង​ឲ្យ​ទ្រព្យ​សម្លាញ់​ដល់​អញ ទើប​អញ​ចម្លង​ចៅ ត្បិត​អញ​ពុំ​ដែល​បាន​សំពត់​ស្លៀក អញ​ខ្លាច​ទទឹក​សំពត់​អញ ” ។ កាល​បើ​ដូច្នោះ​ចៅ​ទាំង ២ នាក់​ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ៗ ជម្រះ​ថា “ គេ​ឲ្យ​បាយ​នោះ​ជា​ទ្រព្យ​សម្លាញ់​របស់​គេ​ហើយ គួរ​ចៅ​យក​បាយ​នោះ​ទៅ​ចុះ ។ បុរស​កម្សត់​នោះ​ពុំ​ព្រម​យក​បាយ ។ ទើប​បុរស​ទាំង ២ នាក់​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ៗ ទ្រង់​ជ្រាប​ដោយ​ដំណើរ​នោះ​សព្វ​គ្រប់ ហើយ​មាន​ព្រះ​បន្ទូល​ថា “ បាយ​នោះ​ទុក​ជា​ទ្រព្យ​សម្លាញ់ ហេតុ​អ្វី​ក៏​ព្រះ​ស្ដែង​មិន​ព្រម​យក ” ។ បុរស​កម្សត់​ក្រាប​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សុំ​យំ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​សួរ​ថា “ ហេតុ​អ្វី​ក៏​ព្រះ​ស្ដែង​សុំ​យំ ? ” បុរស​កម្សត់​ក្រាប​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ត្បិត​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ធ្លោយ​គំនិត ” ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ថា “ បើ​ព្រះ​ស្ដែង​ចង់​យំ​ក៏​យំ​តាម​ចិត្ត​ព្រះ​ស្ដែង​ចុះ ” ទើប​បុរស​នោះ​យំ​ង៉ូវ ៗ ឮ​ដល់​ទៅ​ព្រះ​វរ​រាជ​មាតា ៗ មាន​ព្រះ​សវនីយ៍​ដណ្ដឹង​សួរ​ថា “ គេ​នឹង​ឲ្យ​ទ្រព្យ​សម្លាញ់​វា ឥឡូវ​នេះ​គេ​ពុំ​ព្រម​ឲ្យ​វា គេ​ឲ្យ​ឯ​បាយ​វិញ ” ។ ទើប​ព្រះ​វរ​រាជ​មាតា ឲ្យ​ទៅ​ទូល​សូម​យក​សេចក្ដី​នោះ​អំពី​ព្រះ​រាជ​បុត្រ​មក នឹង​ទ្រង់​ពិចារណា ។ ព្រះ​រាជ​បុត្រ​ក៏​បើក​សេចក្ដី​នោះ​ថ្វាយ​ទៅ​សម្ដេច​ព្រះ​វរ​រាជ​មាតា ។ សម្ដេច​ព្រះ​វរ​រាជ​មាតា​មាន​ព្រះ​សវនីយ៍​ត្រាស់​ដណ្ដឹង​សួរ​បុរស​ទាំង ២ នាក់​ថា “ ហេតុ​អ្វី​ក៏​ព្រះ​ស្ដែង​កើត​ក្ដី​នឹង​គ្នា ? ” ។ បុរស​ទាំង ២ នាក់​នោះ ក្រាប​ទូល​តាម​ដំណើរ​ទីទៃ ៗ ស្រេច​ហើយ ទើប​សម្ដេច​ព្រះ​វរ​រាជ​មាតា​មាន​ព្រះ​សវនីយ៍​ទៅ​បុរស​ពុន​ប្រាក់​ថា “ នៃ​ព្រះ​ស្ដែង ! បើ​ទ្រព្យ​ឯ​ណា​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​ព្រះ​ស្ដែង ចូរ​ព្រះ​ស្ដែង​យក​ទៅ ទ្រព្យ​ឯ​ណា​ព្រះ​ស្ដែង មិន​ស្រលាញ់ ចូរ​ទុក​នៅ​ទី​នេះ​ចុះ ” ។ បុរស​នោះ​ក្រោក​ឡើង​ដើរ​ទៅ​យក​តែ​សំពាយ​ប្រាក់ ឯ​ដំបង​និង​បាយ​ទុក​នៅ​ទី​នោះ ។ ទើប​សម្ដេច​ព្រះ​វរ​រាជ​មាតា​មាន​ព្រះ​សវនីយ៍​ថា “ អញ​ប្រើ​ព្រះ​ស្ដែង​ឲ្យ​យក​ទ្រព្យ​សម្លាញ់ ហេតុ​ដូច​ម្ដេច​ក៏​ព្រះ​ស្ដែង​ពុំ​យក​បាយ និង​ដំបង​ទៅ​ផង យក​តែ​ប្រាក់​ទៅ បើ​ដូច្នេះ​អញ​យល់​ថា​ព្រះ​ស្ដែង ទុក​ប្រាក់​នេះ​ជា​ទ្រព្យ​សម្លាញ់​ពេញ​ចិត្ត​ចៅ ចូរ​ចៅ​យក​ប្រាក់​នេះ​មក​ឲ្យ​អញ ៗ នឹង​បែង​ជា​ភាគ ចែក​ចៅ​ទាំង ២ នាក់​ឲ្យ​សុខ​ចិត្ត​ព្រម​គ្នា កុំ​ឲ្យ​តិះ​ដៀល​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ” ។ ទើប​សម្ដេច​ព្រះ​វរ​រាជ​មាតា​យក​ប្រាក់​នោះ​មក​ចែក​ជា ៣ ភាគ ភាគ ១ ឲ្យ​ទៅ​ម្ចាស់​ទ្រព្យ ភាគ ២ ឲ្យ​ទៅ​ចៅ​អ្នក​ចម្លង​នោះ ។ ចៅ​ទាំង​ពីរ​នាក់ ចូល​ចិត្ត​ព្រមព្រៀង​គ្នា ហើយ​ក្រាប​លា​ទៅ​កាន់​ទី​លំនៅ​ទីទៃ ៗ ហោង ។