Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/8

From Wikisource

រឿង ប្រាសាទ​តា​ព្រំ(១)

បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ភ្នំ​ពេញ​ទៅ តាម​ផ្លូវ​ជាតិ​លេខ ២ ចម្ងាយ ៣២ គ.ម. ដល់​ទៅ​ត្រង់​អូរ​រូង ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ បត់​ទៅ​ស្ដាំ​ដៃ​ចំនួន ២ គ.ម. ក្នុង​ឃុំ​ក្រាំង​ធ្នង់ ស្រុក​ខេត្ត​ដដែល នឹង​ឃើញ​ទន្លេ​បុរាណ​មួយ មាន​មណ្ឌល​រាង​ទ្រវែង​បណ្ដោយ​ថ្ងៃ មាន​ទឹក​ល្ហល្ហេវ ខួប​ប្រាំង​ខួប​វស្សា​ ហៅ​ថា " ទន្លេ​បាទី " ។ ក្បែរ​ឆ្នេរ​ខាង​ត្បូង​នៃ​ទន្លេ​នោះ មាន​ប្រាសាទ​ ២ ប្រាសាទ​តា​ព្រំ ១ ប្រាសាទ​យាយ​ពៅ ១ ។

រឿង​ព្រេង​ទាក់​ទង​ដោយ​ដើម​កំណើត​នៃ​ប្រាសាទ​នេះ មាន​ដំណាល​ដូច​តទៅ ៖

កាល​ស្ដេច​ព្រះ​នាម​ព្រះ​កេតុមាលា សោយរាជ្យ​នៅ​មហា​នគរ​ជា​ស្ដេច​មាន​បុណ្យ​អស្ចារ្យ ។ វេលា​មួយ ស្ដេច​ទ្រង់​អផ្សុក​ក្នុង​ព្រះ​រាជ​ហឫទ័យ គង់​ប្រាសាទ​ពុំ​បាន ទ្រង់​យាង​កម្សាន្ត​ព្រះ​រាជ​ហឫទ័យ​ជា​មួយ​នឹង​រេហ៍ពល ដោយ​ផ្លូវ​នាវា តាម​ឆ្នេរ​សមុទ្រ​ត្រើយ​ខាង​ត្បូង ។ លុះ​យាង​ទៅ​ដល់​ទន្លេ​បាទី ទ្រង់​ចត​ព្រះ​ទីន័ង​នាវា​នៅ​ត្រើយ​នោះ​ដោយ​សោមនស្ស ហើយ​ទ្រង់​បោះ​ព្រះ​ពន្លា​ជ័យ​សម្រាក​ព្រះ​អង្គ​នៅ​ក្នុង​ទី​នោះ ។ ពេល​នោះ អ្នក​ស្រុក​ប្រុស​ស្រី​ទាំង​អស់​បាន​ឮ​ដំណឹង​ថា​ស្ដេច​យាង​ពី​នគរ​វត្ត​មក ដោយ​មិន​ដែល​ឃើញ​ស្ដេច​សោះ ក៏​នាំ​គ្នា​ច្រើន​អ៊ូអែ​មក​ថ្វាយ​បង្គំ​គាល់ យក​អាករ​សួ​រៃ​មក​ថ្វាយ​ព្រះ​អង្គ​គ្រប់​គ្នា ។ កាល​នោះ មាន​យាយ​ម្នាក់​មាន​ភោគ​សម្បត្តិ​ស្ដុកស្ដម្ភ​ជាង​អ្នក​ស្រុក​ទាំង​អស់ គាត់​មាន​កូន​ក្រមុំ​មួយ​ឈ្មោះ​នាង "ពៅ(២)" មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ជាង​ស្រី​ទាំង​ពួង ។ គាត់​នាំ​កូន​ក្រមុំ​មក​គាល់​ស្ដេច​រាល់​ថ្ងៃ ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ទត​ឃើញ​រូប​នាង​នោះ ក៏​មាន​ព្រះ​រាជ​ហឫទ័យ​ប្រតិព័ទ្ធ ទ្រង់​ចំអន់​លេង​រាល់​ពេល​វេលា ។ យាយ​ដឹង​ថា ស្ដេច​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​កូន​ក្រមុំ​របស់​ខ្លួន ក៏​លើក​នាង​ថ្វាយ​ជា​ព្រះទេពី ។ ស្ដេច​បាន​នាង​ពៅ ធ្វើ​ជា​អគ្គមហេសី ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​នាង ពៅ ពន់​ពេក ព្រោះ​ជា​ស្រី​មាន​រូប​ឆោម​លោម​ពណ៌​ល្អ ។ ស្ដេច​គង់​នៅ​ទី​នោះ​បាន ៣ ខែ នាង​ក៏​មាន​គភ៌ ។ លុះ​នាង​មាន​គភ៌​បាន ៣ ខែ ព្រះ​រាជា​ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ថា " ចូរ​ប្អូន​នៅ​ក្នុង​ទីនេះ​ចុះ ពី​ព្រោះ​មាន​មាតា​នៅ​ថែ​រក្សា ឯ​បង​សូម​លា​ត្រឡប់​ទៅ​មហា​នគរ​វិញ" ហើយ​ទ្រង់​ព្រះ​រាជ​ទាន​ព្រះ​ទម្រង់​មួយ​ទុក​ជា​កេរ្តិ៍ ថា "បើ​ព្រះ​រាជ​បុត្រ​ប្រសូតិ​មក កាល​ណា​ធំ​ដឹង​ក្ដី​ឡើង ចង់​ទៅ​សួរ​រក​បង ចូរ​ឲ្យ​ពាក់​ព្រះ​ទម្រង់​នេះ​យក​ទៅ​ជា​សាក្សី " ។ នាង ពៅ បាន​ស្ដាប់​ព្រះ​បន្ទូល​ដូច្នេះ ក៏​សោក​សង្រេង​អាឡោះ​អាល័យ​ព្រះ​ស្វាមី​ក្រៃ​ពេក​ដោយ​ទ្រង់​មិន​ឲ្យ​នាង​ទៅ​តាម​ផង ។ ព្រះ​រាជា​ទ្រង់​ផ្ដាំ​ស្រេច​ហើយ ទ្រង់​ស្ដេច​យាង​ទៅ​កាន់​ព្រះ​មហា​នគរ​វិញ ។

ក្រោយ​មក គភ៌​នាង ពៅ គ្រប់​ខែ ក៏​ប្រសូតិ​បាន​ព្រះ​រាជបុត្រ​ប្រុស​មួយ​មាន​រូប​ល្អ​ពិសី ទ្រង់​ទ្រាយ​ដូច​ព្រះ​វរបិតា មាតា​ឲ្យ​នាម​ថា "អង្គ​ព្រំ​កុមារ " ដោយ​ហេតុ​ថា ព្រះ​រាជ​កុមារ​ប្រសូតិ​នៅ​ព្រំ​ដែន​ទន្លេ​នោះ ។ លុះ​ព្រះ​រាជ​កុមារ​ធំ​ឡើង​បាន​ព្រះ​ជន្ម ១៦ ឆ្នាំ សួរ​រក​បិតា នាង​ពៅ ដំណាល​ប្រាប់​សព្វ​គ្រប់ ហើយ​ព្រះ​រាជ​កុមារ​ចង់​ទៅ​តាម​ព្រះ​បិតា​ឯ​មហា​នគរ មាតា​ក៏​បាន​ដោះ​ព្រះ​ទម្រង់​មាស​ឲ្យ​ទៅ​ព្រះ​រាជ​បុត្រ​ពាក់​នៅ​ម្រាម​ព្រះ​ហស្ត​ខាង​ស្ដាំ ហើយ​ព្រះ​រាជ​បុត្រ​ថ្វាយ​បង្គំ​លា​មាតា​ឡើង​គង់​លើ​សេះ​យាង​តាម​ឆ្នេរ​សមុទ្រ​ទៅ ។ លុះ​បាន​ដល់​ខ្លោង​ទ្វារ​ព្រះ​មហានគរ​បាន​សួរ​អ្នក​ចាំ​ទ្វារ​រក​ព្រះ​វរបិតា ។ នាយ​ឆ្មាំ​ទ្វារ​បាន​ស្ដាប់ ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​ៗ​ទ្រង់​ជ្រាប ទ្រង់​មាន​ព្រះ​តម្រាស់​ឲ្យ​ចូល​ទៅ ។ អង្គ​ព្រំ ក៏​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​វរបិតា ហើយ​ដោះ​ព្រះ​ទម្រង់​ថ្វាយ ។ ស្ដេច​ទ្រង់​ស្គាល់​ច្បាស់​ជា​ព្រះ​រាជ​បុត្រ​ពិត​មែន ដោយ​ទ្រង់​បាន​ឃើញ​ព្រះ​ទម្រង់ ហើយ​ទ្រង់​ចាត់​អង្គ​ព្រំ​ឲ្យ​មក​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​នៅ​ត្រើយ​ទន្លេ​នោះ ។ ដោយ​ហេតុ​ថា អង្គ​ព្រំ ប្រសូតិ​ក្នុង​ទី​នោះ​ផង ដោយ​ទី​នោះ​ពុំ​ទាន់​មាន​នាហ្មឺន​ណា​ឈរ​ត្រួតត្រា​ផង ក៏​ទ្រង់​ធ្វើ​ព្រះ​រាជ​សារ​មាន​ត្រា​តាំង អង្គ​ព្រំ ជា​ស្ដេច​ក្រាញ់​មួយ​អង្គ​ជា​ធំ​ក្នុង​ស្រុក​នេះ​, ហើយ​ដោយ​ហេតុ អង្គ​ព្រំ ជា​ស្ដេច ជា​មេបា​នៅ​ស្រុក​នោះ​មុន​គេ បាន​ជា​ស្រុក​នោះ​ឈ្មោះ ស្រុក​បាទី ទន្លេ​នោះ​ឈ្មោះ​ទន្លេ​បាទី គឺ​ទី​របស់​ស្ដេច​​ជា​បា​ពី​ត្រឹម​នោះ​មក ។ លុះ អង្គ​ព្រំ បាន​ជា​ស្ដេច​ក្រាញ់ នៅ​ស្រុក​នោះ​ហើយ​ទ្រង់​បាន​ចាត់​ឲ្យ​សាង​ប្រាសាទ ២ មួយ​ជូន​មាតា មួយ​គង់​នៅ​ផ្ទាល់​ព្រះ​អង្គ ហើយ​ចាត់​ចែង​ធ្វើ​បន្ទាយ​ព័ទ្ធ​ជុំវិញ​ផង ។ ដំណាក់​ឯ​ទៀត​ជា​ច្រើន​នៅ​ក្បែរ​ប្រាសាទ​នោះ​ជា​ទី​ក្រសាល និង​ជា​ទី​ធ្វើ​ការ​រាជការ​ផ្សេងៗ តាម​មុខ​ក្រសួង​នាហ្មឺន​សព្វ​មុខ​មន្ត្រី ។

ទី​បរិវេណ​នៃ​ប្រាសាទ​ទាំង​នេះ សព្វ​ថ្ងៃ​ជា​ទី​វត្ត​មួយ​ឈ្មោះ វត្ត​ទន្លេ​បាទី ជា​រមណីយដ្ឋាន​មួយ ដែល​ពួក​ទេសចរណ៍​ច្រើន​ចូល​ចិត្ត​ទៅ​ទស្សនា ។