ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/14
រឿង កណ្ដុរស ឡើងជាស្ដេច
អ្នកផងតែងនឹកឆ្ងល់ថា៖ សត្វកណ្ដុរតូចតាចពេកណាស់ ហើយពុំមែនជាសត្វមានឫទ្ធផង ហេតុអ្វីក៏គេលើកធ្វើជាតំណាងឆ្នាំទី ១ គឺឆ្នាំជូត បានដូច្នេះ ព្រោះមានរឿងព្រេងមួយទាក់ទងនឹងកណ្ដុរ ។
មានសេចក្ដីនិទានថា៖ មានប្ដីប្រពន្ធជាអ្នកទាល់ក្រមានកូន ១៧ នាក់សុទ្ធតែស្រី ។ ថ្ងៃមួយឪពុកម្ដាយជំនុំគ្នាថា៖ យើងបើទាល់ក្រម្ល៉េះនឹងទ្រទ្រាំចិញ្ចឹមកូនពុំបានទេ ត្រូវតែយើងដាច់ចិត្ត នាំយកទៅប្រោសចោល តាមតែផលកម្មរបស់វាចុះ ។ ហើយនិយាយទៅកូនទាំងនោះថា ៖
- -កូនអើយយើងនៅក្នុងស្រុករកស៊ីចិញ្ចឹមជីវិតមិនរស់ទេ គួរទាំងអស់គ្នាទៅនៅព្រៃវិញ ។
ឯកូនក៏ស្រុះស្រួលតាមទាំងអស់ ។ ឪពុកម្ដាយគិតគ្នាហើយស្រេចថាយើងនាំវាទៅឲ្យដល់ព្រៃធំ ហើយចូលឲ្យជ្រៅទៅទៀត សឹមយើងគេចចេញពីវា ។ គិតហើយក៏នាំកូនចេញទៅ, ដឹងថាបានឆ្ងាយអង្វែង ហើយក៏ឈប់សម្រាកនៅទីនោះ ហៅកូនឲ្យមកជុំគ្នា និយាយទៅកូនថា
- -កូនឯងកុំដើរបែកគ្នា បានចំណីអ្វីស៊ីចែកគ្នាស៊ី ឥឡូវទាំងអស់គ្នានៅទីនេះចុះ ឪម៉ែទៅរកផ្លែឈើ ។
ថាហើយ ក៏ដើរចេញទៅ នាំគ្នាគេចទៅភូមិផ្ទះវិញ ។ លុះបាត់យូរពេក កូនទាំងអស់នាំគ្នាដើរទៅរក ។ ដើរ ៗទៅចូលទៅក្នុងស្រុកយក្ស ។ យក្សដែលជាធំនៅកំលោះ តែគ្មានឪពុកម្ដាយ មានតែប្អូនស្រីក្រមុំម្នាក់ ។ ថ្ងៃមួយ យក្សប្រុសឲ្យប្អូនស្រីដាំបាយដំណើបឲ្យច្រើនហើយវារែកយកទៅចាក់ពូនធ្វើជាទំនប់ភ្លឺស្រែ ។ ចាក់ហើយក៏ទៅលំនៅវិញ ទទួលពេលនោះនាង ១៧ នាក់ ដើរទៅបានជួបប្រទះ នាំគ្នាស៊ីបាយដំណើបនោះ ស្រាប់តែយក្សមកទាន់ក៏ចាប់យកអស់ទៅ ហើយយកទៅប្រគល់ឲ្យប្អូនស្រីវាទុកជាខ្ញុំបម្រើតរៀងទៅ ។ នាងទាំងនោះលំបាកណាស់ ព្រោះយក្សប្រើឥតមានត្រាប្រណី សំលៀកបំពាក់គ្មានទេ វាឲ្យដេកនៅតែក្រោមផ្ទះ គឺយក្សមានបំណងថា ឲ្យតែនាងទាំងនេះធំវានឹងយកធ្វើចំណីអាហារ ។ ថ្ងៃមួយយក្សហាមប្រាមនាងទាំងអស់នោះថា កុំឲ្យដើរទៅទិសខាងកើត និងទិសខាងត្បូងឲ្យសោះ ។
ចាប់តាំងពីថ្ងៃបានហាមហើយ យក្សប្រុសចេះតែដើរលេងសប្បាយមិននឹងប្រាកដទីលំនៅ ។ នាងទាំងអស់នឹកឆ្ងល់ណាស់ ចង់លបដើរទៅមើល ទៅទិសខាងកើតឃើញប្រាសាទ ក៏នាំគ្នាចូលទៅមើលខាងក្នុង ក៏ឃើញមានពាងអុងធំ ៗ បបួលគ្នាបើកមើលឃើញសុទ្ធតែទឹកមាសនិងទឹកប្រាក់ពេញ ៗ អុង ក៏យកចង្អុលដៃទៅជ្រលក់ ក្នុងទឹកមាសគ្រប់ ៗ គ្នា ដកឡើងដិតជាប់ដៃជូតមិនជ្រះសោះ ក៏នឹកភ័យក្រែងយក្សដឹង គិតគ្នាយកកំណាត់រុំ ក៏រុំចង្អុលដៃដូច ៗ គ្នា ហើយក៏នាំគ្នាដើរទៅរកមើលខាងទិសឯត្បូងទៀត ។ នាងទាំងនោះ បានយល់រោងមួយធំ លុះដើរចូលទៅមើល ឃើញគំនរឆ្អឹងមនុស្សគរជាពំនូក ៗ តាមផ្នែកឆ្អឹង ដោយឡែក ៗ ពីគ្នា ។ នាងទាំងឡាយភ័យខ្លាចក៏ថយចេញមកវិញ ជំនុំគ្នានឹកគិតព្រួយថា៖ បើយើងនៅទីនេះយូរទៅ មុខជាយក្សស៊ីជាមិនខាន ។ ជំនុំគ្នាគិតរត់ ក្រែងរត់មិនរួច ទាល់គំនិតក៏ព្រួយក្នុងចិត្តឥតឧបមារាល់ ៗ ថ្ងៃ ។
ពេលមួយអាយក្សប្រុស ត្រឡប់មកពីក្រៅមកដល់ផ្ទះ ឃើញនាងទាំង ១៧ រុំចង្អុលដៃដូច ៗ គ្នា ក៏សួរថា ៖
- -វាស្អី បានជារុំចង្អុលដៃស្រុះគ្នាម្ល៉េះ ?
- -នាងទាំងនោះភ័យ ហើយឆ្លើយថា “ កាំបិតមុត ”
យក្សឆ្លើយវិញថា “ អញមិនជឿទេ ស្រាយកំណាត់រុំចេញ ឲ្យអញមើលភ្លាម ! ”
នាងទាំងនោះស្រាយប្រញាប់ប្រញាល់ យក្សឃើញហើយក្រេវក្រោធ ស្រែកសន្ធាប់ថា៖
- -អញហាមផ្ដាច់ហ្នា៎ ឥឡូវម៉េចក៏ចិត្តធំចង្រៃ ទៅបំផ្លាញទាល់តែបានយ៉ាងនេះ ? ហងឯងចង្រៃអាក្រក់ណាស់ ! មកទាំងអស់គ្នា ! ទៅកន្លែងនោះម្ដងទៀត ។
នាងទាំងឡាយភ័យយំសស្រាក់ នឹកថាយក្សនាំទៅសម្លាប់ហើយ លុះដើរទៅដល់ជិតឃ្លាំង យក្សវាក្ដៅចិត្តវា វាចាប់នាងទាំងនោះម្ដងមួយ ៗ លើកទម្លាក់ទៅក្នុងទឹកមាស នៅលិចលង់រងវេទនា ទាល់តែអស់ចិត្តទើបវាស្រង់ឡើង នាងទាំងនោះល្ងីល្ងើស្ទើរស្លាប់ តែជាគុណម្យ៉ាងគឺនាងនោះ មានរូបរាងប្រកបដោយរស្មីភ្លឺចិញ្ចែងវិសេសដូចមាស ចាប់តាំងពីពេលនោះមក ។ នាងទាំងអស់កើតទុក្ខព្រួយជានិច្ច នឹកថា៖ ទ្រាំនៅទៀតមុខជាស្លាប់ ។
គ្រានោះមានកណ្ដុរសបានមកយល់រឿងនេះ កណ្ដុរក៏មានចិត្តមេត្តាដល់នាងទាំងនោះ លុះដល់ពេលស្ងាត់ កណ្ដុរមកប្រាប់ថា ៖
- -នាងឯងរាល់គ្នា តែខំនៅទីនេះ មុខជាយក្សវាស៊ី ជាចំណីវាហើយ បើគិតរត់ក៏មិនរួចជើងវាដែរ ។ ឥឡូវនេះយើងជួយគិតឧបាយសង្គ្រោះបានតែនាងឯងចូរចាំថា ដល់ពេលជាត់បាយកុំជាត់ចោល ទុកទឹកបាយឲ្យយើងផឹក យើងនឹងកាយរូង ក្នុងដីធ្វើផ្លូវឲ្យនាងរួចរត់ឲ្យផុតពីស្រុកយក្ស ហើយនាងត្រូវលៃធ្វើបាយខាវតាកសម្រាប់ធ្វើជាស្បៀងតាមផ្លូវចុះ ” ។
នាងទាំងអស់ទទួលថា “ មិនអីទេ សូមឲ្យតែកណ្ដុរជួយសង្គ្រោះធ្វើឲ្យខ្ញុំបានចុះ ”
គ្រានោះកណ្ដុរសនិយាយឲ្យការណ៍សព្វគ្រប់ហើយក៏ថយទៅ ឯនាងទាំងនោះ ជាត់បាយហើយ តែងតែទុកទឹកបាយ ឲ្យកណ្ដុរផឹកជានិច្ច ចំណែកបាយខាវតាក ក៏បានប្រុងប្រៀបលៃលកទុកសម្រាប់ខ្លួនជាស្រេច ។
រវាងកន្លះឆ្នាំ កណ្ដុរសចូលមកនិយាយប្រាប់នាងទាំង ១៧ ថា៖ ផ្លូវយើងធ្វើរួចស្រេចហើយ ឯដើមផ្លូវនៅត្រង់ចន្លោះនោះ យើងបានកាច់មែកឈើទុកឲ្យជាសញ្ញា ចូរនាងប្រញាប់ដោះខ្លួនកុំនៅយូរ រួចហើយកណ្ដុរសក៏លាថយចេញទៅ ។ លុះដល់ពេលស្ងាត់នាងទាំង ១៧ ដើរទៅរកមើលផ្លូវ ឃើញហើយក៏រីករាយចិត្ត ផ្លូវនោះស្អាតទូលាយណាស់ ក៏ថយមកកន្លែងវិញ គិតគ្នាលៃលកអំពីអាហារ ដំណើរតាមផ្លូវ ក្រែងពុំបានគ្រប់គ្រាន់ ។ លុះគិតរួចស្រេចអស់ហើយ ថ្ងៃមួយពេលស្ងាត់យក្សប្រុស វាចេញដើរទៅក្រៅបាត់ នាងទាំង ១៧ នាំបងប្អូនចេញទៅ តាមផ្លូវដែលស្ដេចកណ្ដុរធ្វើឲ្យ ហើយនាំគ្នាប្រឹងរូតដំណើរ មិនហ៊ានសម្រាកសោះឡើយ ក្រែងមិនផុត ហើយអស់ដាច់អាហារតាមផ្លូវ ។ ដំណើរត្រាច់ទៅនោះរវាង ៣ ខែ ទើបបានផុត ទៅដល់នគរមួយផ្សេងទៀត ទៅនៅនឹងមាត់ស្រះទឹកមួយជាស្រះទឹករបស់ស្ដេច ដែលភីលៀងស្ដេចតែងតែទៅដងទឹកស្រះនោះជារឿយ ៗ ។
តាំងពីនោះមក នាងទាំង ១៧ នាក់បានសុខសប្បាយ ហើយខ្លួនក៏កាន់តែពេញជំទង់ក្រមុំអស់ហើយ នៅលំហែកាយនឹងស្រះនោះ ទទួលនឹងពេលមួយ ភីលៀងទៅដងទឹកបានឃើញនាងទាំងអស់នោះឋិតនៅព្រោងព្រាតក្បែរស្រះ នាងពិនិត្យមើលឃើញសព្វគ្រប់ ក៏ប្រញាប់ទៅទូលព្រះរាជាវិញ ។ ដល់ហើយក្រាបបង្គំទូលថា៖
- -ខ្ញុំម្ចាស់ទាំងអស់គ្នា ទៅដងទឹកឯស្រះនោះ បានជួបប្រទះឃើញ មានស្ត្រីក្រមុំ ១៧ នាក់ មានរូបរាងកាយភ្លឺល្អ ៗ ណាស់មកជ្រកនៅនឹងមាត់ស្រះ ប៉ុន្តែគ្មានសំលៀកបំពាក់ទេ ខ្លួនប្រាណនៅទទេស្អាតទាំងអស់ ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ស្លូតព្រះរាជហឫទ័យ ក៏ទ្រង់ចាត់ព្រះរាជបម្រើឲ្យទៅហៅនាំយកនាងទាំង ១៧ នោះចូលមកកាន់ព្រះរាជដំណាក់ ។ ឯនាងនោះបានប្រកែកថា ៖ ខ្លួនខ្មាសដោយគ្មានអ្វីស្លៀកពាក់ ។ ឯរាជបម្រើក៏ត្រឡប់ទៅវិញ ទៅក្រាបទូលស្ដេចតាមដំណើរ ស្ដេចបានចាត់ឲ្យស្រីស្នំភីលៀង នាំយកសំលៀកបំពាក់ ទៅឲ្យនាងទាំង ១៧ ហើយដង្ហែចូលមកធ្វើជាមហេសី ។
កាលបើបានជាមហេសីស្ដេចហើយ នាងទាំង១៧ ក៏ចាត់ឲ្យស៊ើបរកឪពុក-ម្ដាយទាល់តែឃើញ នាំមកប្រទានទ្រព្យនិងយសងារ ហើយចាត់ឲ្យស្វែងរកកណ្ដុរសដែលជួយសង្គ្រោះនោះ មកចិញ្ចឹមរក្សាក្នុងទីកន្លែងសមគួរ ព្រមទាំងតែងតាំងឲ្យកណ្ដុរសនោះ ជាស្ដេចលើកណ្ដុរទូទៅ ។