រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
បុព្វកថា
[edit]ដែលធ្លាប់មានអារ្យធម៌ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំង ដូច ពេជ្រពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទស្សវត្សរ៍ចុងក្រោយនេះឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយមហាសោកស្ដាយ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើងរីកចំរើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។
ក្នុងឆន្ទៈមោះមុតនេះ
យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ដូចតទៅជំពូកទី ១ អំពីអធិបតេយ្យ
[edit]- មាត្រា ១.-
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
- មាត្រា ២.-
បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩។
- មាត្រា ៣.-
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
- មាត្រា ៤.-
បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺ: ជាតិ សាសនា ព្រះមហាក្សត្រ។
- មាត្រា ៥.-
ភាសា និងអក្សរ ដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ។
- មាត្រា ៦.-
ភ្នំពេញ ជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ ភ្លេងជាតិ និង សញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១, ២ និង ៣។
ជំពូកទី ២ អំពីព្រះមហាក្សត្រ
[edit]- មាត្រា ៧.-
ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។
អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
- មាត្រា ៨.-
ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។
- មាត្រា ៩.-
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។
- មាត្រា ១០.-
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។
- មាត្រា ១១ ថ្មី.-
ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ព្រះរាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។ តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ:
- ក-អនុប្រធានទី ១ ព្រឹទ្ធសភា
- ខ-អនុប្រធានទី ១ រដ្ឋសភា
- គ-អនុប្រធានទី ២ ព្រឹទ្ធសភា
- ឃ-អនុប្រធានទី ២ រដ្ឋសភា
- មាត្រា ១២ ថ្មី.-
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី។
- មាត្រា ១៣ ថ្មី.-
ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។
សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន:
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ត្រី
- សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
- អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។
- មាត្រា ១៤.-
ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ។
មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។
- មាត្រា ១៥.-
ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។
- មាត្រា ១៦.-
ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។
ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត។
- មាត្រា ១៧.-
ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។
- មាត្រា ១៨ ថ្មី.-
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។
ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។
- មាត្រា ១៩ ថ្មី.-
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី។
- មាត្រា ២០.-
ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ។
- មាត្រា ២១.-
តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។
តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។
- មាត្រា ២២ ថ្មី.-
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
- មាត្រា ២៣.-
ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។
- មាត្រា ២៤ ថ្មី.-
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។
- មាត្រា ២៥.-
ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។
- មាត្រា ២៦ ថ្មី.-
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា។
- មាត្រា ២៧.-
ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស។
- មាត្រា ២៨ ថ្មី.-
ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់ សិទ្ធិ។
- មាត្រា ២៩ ថ្មី.-
ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ។
ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់។
- មាត្រា ៣០ ថ្មី.-
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី។
ជំពូកទី ៣ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
[edit]- មាត្រា ៣១.
ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
- មាត្រា ៣២.
ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។
ទោសប្រហារជីវិត មិនត្រូវឱ្យមានឡើយ។
- មាត្រា ៣៣.
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ។
ការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។
- មាត្រា ៣៤ ថ្មី.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។
- មាត្រា ៣៥.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។
សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
- មាត្រា ៣៦.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្ដីត្រូវការរបស់សង្គម។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា។
ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃ ដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និង ចូលជាសមាជិកសហជីពនេះ។
ការរៀបចំ និង ការ ប្រព្រឹត្តទៅនៃសហជីព នឹងមានកំណត់ក្នុងច្បាប់។
- មាត្រា ៣៧.
សិទ្ធិធ្វើកូដកម្ម និង ធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
- មាត្រា ៣៨.
ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។
ច្បាប់ការពារ ជីវិត កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។
ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។
វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។
- មាត្រា ៣៩.
ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា ឬប្ដឹងទារសំណងជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និង របស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្ដឹងតវ៉ា និង សំណងជួសជុលការខូចខាត ជាសមត្ថកិច្ចរបស់តុលាការ។
- មាត្រា ៤០.
សេរីភាពក្នុងការដើរឆ្ងាយ ជិត និង តាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅនៅប្រទេសក្រៅ ឬ វិលត្រឡប់មកវិញបាន។
ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា។
ការឆែកឆេរលំនៅឋាន សម្ភារៈ វត្ថុ និង លើរូបបុគ្គល ត្រូវធ្វើឱ្យស្របនឹងបញ្ញត្តិច្បាប់។
- មាត្រា ៤១.
ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និង ដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។
- មាត្រា ៤២.
ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម និង គណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និង សណ្ដាប់ធ្នាប់សង្គម។
- មាត្រា ៤៣.-
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។
សេរីភាពខាងជំនឿ និង ការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និង សន្តិសុខសាធារណៈ។
ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
- មាត្រា ៤៤.
ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិលើដីធ្លី។
កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់។
ដែលនឹងដកហូតកម្មសិទ្ធិ អំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យ និង យុត្តិធម៌។
- មាត្រា ៤៥.
ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។
ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាមឃាត់។
បុរស និង ស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និង គ្រួសារ។
អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្ដីមួយ ប្រពន្ធមួយ។
- មាត្រា ៤៦.
អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។
ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សំរាកនៅពេលសំរាលកូនដោយទទួលប្រាក់បៀវត្ស និង ដោយមានកាធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។
រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទ ដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភ ដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និង មានជីវភាពរស់នៅសមរម្យ។
- មាត្រា ៤៧.
មាតាបិតា មានកាតព្វកិច្ចចិញ្ចឹមថែរក្សា និង អប់រំកូនឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីយកិច្ចចិញ្ចឹម និង បីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។
- មាត្រា ៤៨.
រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាម និង ការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។
រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ។
- មាត្រា ៤៩.
ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និង គោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និង ការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិ ត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
- មាត្រា ៥០.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និង កម្មសិទ្ធិស្របច្បាប់របស់ឯកជន។
ជំពូកទី ៤ អំពីរបបនយោបាយ
[edit]- មាត្រា ៥១ ថ្មី.-
ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជម្រះក្ដី។
អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។
- មាត្រា ៥២.-
រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
- មាត្រា ៥៣.-
ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និង មិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញមក។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬ ចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
ព្រះរាជាណាចក្រ រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធ និង ជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និង ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
- មាត្រា ៥៤.-
ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ ត្រូវហាមឃាត់ដាច់ខាត។
- មាត្រា ៥៥.-
សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។
ជំពូកទី ៥ អំពីសេដ្ឋកិច្ច
[edit]- មាត្រា ៥៦.-
ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
ការរៀបចំ និង ការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់។
- មាត្រា ៥៧.-
ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមានច្បាប់អនុញ្ញាត។ ថវិកាជាតិ ត្រូវបានកំណត់ឱ្យអនុវត្តតាមច្បាប់។
របបគ្រប់គ្រងរូបិយវត្ថុ និង ប្រព័ន្ធហិរញ្ញវត្ថុ ត្រូវកំណត់ក្នុងច្បាប់។
- មាត្រា ៥៨.-
ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់រដ្ឋ។
ការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់។
- មាត្រា ៥៩.-
រដ្ឋត្រូវរក្សាការពារបរិស្ថាន និង តុល្យភាព នៃភោគទ្រព្យធម្មជាតិហើយត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ក្នុង ការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និង អនុផលព្រៃឈើពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល។
- មាត្រា ៦០.-
ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវឱ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយ ត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាត។
- មាត្រា ៦១.-
រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និង មធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និង ប្រព័ន្ធឥណទាន។
- មាត្រា ៦២.-
រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។
- មាត្រា ៦៣.-
រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
- មាត្រា ៦៤.-
រដ្ឋហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូល ផលិតលក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើ។
ជំពូកទី ៦ អំពីអប់រំ វប្បធម៌ និងសង្គមកិច្ច
[edit]- មាត្រា ៦៥.-
រដ្ឋត្រូវការពារ និង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំប្រកបដោយគុណភាព នៅគ្រប់កម្រិត និង ត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។
រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីឡា ដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
- មាត្រា ៦៦.-
រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និង ឯកភាពនៅទូទាំងប្រទេស ដែលធានាឱ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការ និងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ ស្មើគ្នាក្នុងការកសាងជីវិត។
- មាត្រា ៦៧.-
រដ្ឋអនុវត្តកម្មវិធីសិក្សា និង គោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និង ភាសាបរទេស។
រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សា និងថ្នាក់សិក្សាសាធារណៈ និងឯកជននៅគ្រប់ភូមិសិក្សា។
- មាត្រា ៦៨.-
រដ្ឋផ្ដល់កិច្ចការអប់រំផ្នែកបឋម និង មធ្យមសិក្សានៅសាលារៀនសាធារណៈសំរាប់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតបង់ថ្លៃ។
ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិច ប្រាំបួនឆ្នាំ។
រដ្ឋជួយផ្សព្វផ្សាយ និង លើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា។
- មាត្រា ៦៩.-
រដ្ឋមានកាតព្វកិច្ចថែរក្សា និង ពង្រីកវប្បធម៌ជាតិ។
រដ្ឋមានកាតព្វកិច្ចការពារ និង ពង្រីកភាសាខ្មែរ ឱ្យសមស្របនឹងសេចក្ដីត្រូវការ។
រដ្ឋមានកាតព្វកិច្ចថែរក្សា និង ការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលំអរមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ។
- មាត្រា ៧០.-
បទល្មើសទាំងឡាយដែលប៉ះពាល់ ឬទាក់ទងនឹងបេតិកភណ្ឌវប្បធម៌ និង បេតិកភណ្ឌសិល្បៈ ត្រូវផ្ដន្ទាទោសជាទម្ងន់។
- មាត្រា ៧១.-
បរិវេណបេតិកភណ្ឌជាតិ ក៏ដូចជាបេតិកភណ្ឌ ដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យាក្រឹត ដែលមិនឱ្យមានសកម្មភាពយោធា។
- មាត្រា ៧២.-
សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺ និង ព្យាបាលជម្ងឺ។ ប្រជារាស្ត្រក្រីក្រ ត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និង មន្ទីរសម្ភពសាធារណៈ។
រដ្ឋរៀបចំឱ្យមានគិលានដ្ឋាន និង មន្ទីរសម្ភពដល់ជនបទ។
- មាត្រា ៧៣.-
រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និង មាតា។ រដ្ឋរៀបចំឱ្យមានទារកដ្ឋាន និង ជួយឧបត្ថម្ភនារី ដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង។
- មាត្រា ៧៤.-
រដ្ឋជួយឧបត្ថម្ភជនពិការ និង ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។
- មាត្រា ៧៥.-
រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករ និង និយោជិត។
ជំពូកទី ៧ អំពីរដ្ឋសភា
[edit]- មាត្រា ៧៦.-
រដ្ឋសភា មានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០ រូប។
តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
តំណាងរាស្ត្រ អាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត។
អង្គការរៀបចំការបោះឆ្នោត បែបបទ និង ការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត។
- មាត្រា ៧៧.-
តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
អាណត្តិអាជ្ញាបញ្ជាទាំងឡាយ ត្រូវទុកជាមោឃៈ។
- មាត្រា ៧៨.-
នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។
ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និង បន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។
ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ ថ្ងៃ យ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។
ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ៧៩.-
អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈ ជាសកម្ម និង ជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។
ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា។
- មាត្រា ៨០.-
តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។
តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ៨១.-;
រដ្ឋសភាមានថវិកាស្វយ័ត សម្រាប់ដំណើរការ។
តំណាងរាស្ត្រ ត្រូវទទួលប្រាក់បំណាច់។
- មាត្រា ៨២ ថ្មី.-
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណាត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
តំណាងរាស្ត្រទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុង ឧបសម្ព័ន្ធទី ៥ នៃរដ្ឋធម្មនុញ្ញ។
- មាត្រា ៨៣.-
រដ្ឋសភា ប្រជុំជាសាមញ្ញ ពីរដង ក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
ក្នុងករណីនេះ របៀបវារៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
- មាត្រា ៨៤.-
នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងារ។
គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភារួមមាន : ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំងអស់របស់រដ្ឋសភា។
- មាត្រា ៨៥.-
សម័យប្រជុំរដ្ឋសភា ត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ រដ្ឋសភា លើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈ តម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងពីកាលបរិច្ឆេទ ដែលកំណត់ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណាក៏ដោយរបស់រដ្ឋសភាត្រូវទុកជាខុសច្បាប់ ហើយជាអសារសូន្យពេញលក្ខណៈ។
- មាត្រា ៨៦.-
ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។
បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ។
- មាត្រា ៨៧.-
ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និង ចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា។
ក្នុងករណី ដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។
- មាត្រា ៨៨ ថ្មី (ពីរ).-
ការប្រជុំរដ្ឋសភា ត្រូវធ្វើជាសាធារណៈ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើសុំពីប្រធានឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចពី ព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ត្រី។
ការប្រជុំរដ្ឋសភា នឹងយកជាការបាន លុះត្រាតែមាន:
ក- កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័ត ទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ខ- កូរ៉ុមលើសពីពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភា ទាំងមូល។
- មាត្រា ៨៩.-
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្ដមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
- មាត្រា ៩០ ថ្មី (ពីរ).-
រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។
រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានា ផ្នែកហិរញ្ញវត្ថុ និង ការបង្កើត កែប្រែ ឬលុបចោលពន្ធដារ។
រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ។ រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម។
ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ៩១ ថ្មី.-
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និង នាយករដ្ឋមន្ត្រី មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់។
តំណាងរាស្ត្រ មានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
- មាត្រា ៩២.-
ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអាសារសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ។
- មាត្រា ៩៣ ថ្មី.-
ច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ។ ប៉ុន្តែបើច្បាប់នេះ បានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឱ្យប្រើ។
ច្បាប់ ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និង ផ្សព្វផ្សាយនៅទូទាំងប្រទេសឱ្យទាន់តាមពេលកំណត់ខាងលើ។
- មាត្រា ៩៤.-
រដ្ឋសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់។ ការរៀបចំ និង ការប្រព្រឹត្តទៅនៃរដ្ឋសភា នឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
- មាត្រា ៩៥.-
ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង ៦ខែ យ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត។
- មាត្រា ៩៦.-
តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធាន រដ្ឋសភា។
ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។
ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬ សរសេរជាលាយលក្ខណ៍អក្សរ។
ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។
ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេនោះចម្លើយរបស់ រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្ដង។
បើមានការបើកឱ្យជជែកដេញដោលម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រីអាចជជែកប្ដូរយោបល់ ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្ដាហ៍ សម្រាប់ការឆ្លើយសំណួរ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះមិនអាចបើកលទ្ធភាពឱ្យមាន ការបោះឆ្នោតប្រភេទណាមួយបានឡើយ។
- មាត្រា ៩៧.-
គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
- មាត្រា ៩៨ ថ្មី.-
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។
ជំពូកទី ៨ ថ្មី អំពីព្រឹទ្ធសភា
[edit]- មាត្រា ៩៩ ថ្មី.-
ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។
ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះ។
សមាជិកព្រឹទ្ធសភា អាចត្រូវបានចាត់តាំង និងជ្រើសតាំងសាជាថ្មីបាន។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។
- មាត្រា ១០០ ថ្មី.-
សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
- មាត្រា ១០១ ថ្មី.-
ការរៀបចំបែបបទ និង ការប្រព្រឹត្តទៅនៃការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោតអង្គបោះឆ្នោត និង មណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ។
- មាត្រា ១០២ ថ្មី.-
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែល ព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
- មាត្រា ១០៣ ថ្មី.-
អាណត្តិនៃសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្មជាមួយមុខងារជា តំណាងរាស្ត្រ និង ជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
- មាត្រា ១០៤ ថ្មី.-
សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា។
សមាជិកព្រឹទ្ធសភារូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយ នៃព្រឹទ្ធសភា នឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនព្រឹទ្ធសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ ដើម្បីសម្រេច។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបី នៃសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគ បួន នៃសមាជិកព្រឹទ្ធសភាទាំងមូល។
- មាត្រា ១០៥ ថ្មី.-
ព្រឹទ្ធសភា មានថវិកាស្វយ័តសម្រាប់ដំណើរការ។
សមាជិកព្រឹទ្ធសភា ត្រូវទទួលប្រាក់បំណាច់។
- មាត្រា ១០៦ ថ្មី (មួយ).-
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធាន ព្រឹទ្ធសភា និង សមាជិកទាំងអស់ នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៧ នៃរដ្ឋធម្មនុញ្ញ។
- មាត្រា ១០៧ ថ្មី.-
ព្រឹទ្ធសភា ប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិច បីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ។
- មាត្រា ១០៨ ថ្មី.-
នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា ទទួលភារកិច្ចចាត់ចែងការងារ។
- មាត្រា ១០៩ ថ្មី.-
សម័យប្រជុំព្រឹទ្ធសភា ត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ ព្រឹទ្ធសភា លើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយ កាលៈទេសៈតម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវទុកជាខុសច្បាប់ហើយអសារ សូន្យ ពេញលក្ខណៈ។
- មាត្រា ១១០ ថ្មី.-
ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភា ទទួលអាញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយ ដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានព្រឹទ្ធសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារ ជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានព្រឹទ្ធសភា លាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។
- មាត្រា ១១១ ថ្មី (ពីរ).-
ការប្រជុំព្រឹទ្ធសភា ត្រូវធ្វើជាសាធារណៈ។
ព្រឹទ្ធសភាអាចប្រជុំសម្ងាត់បានតាមការសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រី ឬពីប្រធានរដ្ឋសភា។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន :
ក- កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែល តម្រូវឱ្យយកមតិភាគច្រើន ពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ឋ
ខ- កូរ៉ុមលើសពីពាក់កណ្ដាល នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ចំនួនសម្លេង ដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ។
- មាត្រា ១១២ ថ្មី.-
ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និង រដ្ឋាភិបាល។
- មាត្រា ១១៣ ថ្មី.-
ព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្ដី ព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួង ដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។
បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នោះរដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទី ពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។
ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ។ រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និង ហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃបើជាការប្រញាប់។
បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភា និង ព្រឹទ្ធសភាត្រូវបន្ថែមឱ្យស្មើគ្នាដែរ។
បើព្រឹទ្ធសភាបដិសេធសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទីពីរបានមុនរយៈពេលមួយខែ ទេ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃបើពិនិត្យពីថវិកាជាតិនិង ហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។
ក្នុងការពិនិត្យសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ជាលើកទី២ នេះរដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត។
សេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ណាដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
- មាត្រា ១១៤ ថ្មី (មួយ).-
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់។ ការរៀបចំ និង ការប្រព្រឹត្តទៅនៃព្រឹទ្ធសភា នឹងកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ព្រមដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
- មាត្រា ១១៥ ថ្មី.-
ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើងប្រាំមួយខែយ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់តាំង ឬជ្រើសតាំង ជំនួសសមាជិកនោះតាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុង នៃព្រឹទ្ធសភា និងក្នុងច្បាប់ស្ដីពីការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា។
ជំពូកទី ៩ ថ្មី អំពីសមាជរដ្ឋសភា និង ព្រឹទ្ធសភា
[edit]- មាត្រា ១១៦ ថ្មី.-
ក្នុងករណីចាំបាច់ រដ្ឋសភា និងព្រឹទ្ធសភា អាចប្រជុំរួមគ្នាជាសមាជដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
- មាត្រា ១១៧ ថ្មី.-
បញ្ហាសំខាន់ៗ របស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា ១១៦ ថ្មីខាងលើ ព្រមទាំងការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជនឹងត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី ១០ ថ្មី អំពីរាជរដ្ឋាភិបាល
[edit]- មាត្រា ១១៨ ថ្មី.-(មាត្រា ៩៩ ចាស់)
គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាសមាជិក។
- មាត្រា ១១៩ ថ្មី.-(មាត្រា ១០០ ចាស់)
តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើត រាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណាងផ្សេងៗ ក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះព្រះមហាក្សត្រទ្រង់ចេញ ព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។
មុនចូលកាន់តំណែងគណៈរដ្ឋមន្ត្រី ត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៦។
- មាត្រា ១២០ ថ្មី.-(មាត្រា ១០១ ចាស់)
មុខងារនៃសមាជិករាជរដ្ឋាភិបាល មានវិសមិតភាពនឹងសកម្មភាពខាងវិជ្ជាជីវៈ ផ្នែកពាណិជ្ជកម្ម ឬឧស្សាហកម្ម ហើយនិងការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ។
- មាត្រា ១២១ ថ្មី.-(មាត្រា ១០២ ចាស់)
សមាជិកទាំងឡាយ នៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាចំពោះរដ្ឋសភា អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។
សមាជិកមួយរូបៗ នៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះនាយករដ្ឋមន្ត្រី និងចំពោះរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត។
- មាត្រា ១២២ ថ្មី.-(មាត្រា ១០៣ ចាស់)
សមាជិកទាំងឡាយ នៃរាជរដ្ឋាភិបាលមិនអាចយកសំអាងនៃសេចក្ដីបង្គាប់ដោយលាយលក្ខណ៍ អក្សរ ឬ ដោយវាចាអំពីនរណាមួយ ដើម្បីដោះសាឱ្យរួចខ្លួនពីការទទួលខុសត្រូវរបស់ខ្លួនបានឡើយ។
- មាត្រា ១២៣ ថ្មី.-(មាត្រា ១០៤ ចាស់)
គណៈរដ្ឋមន្ត្រី ត្រូវប្រជុំរាល់សប្ដាហ៍ជាប្រជុំធំ ឬជាប្រជុំពិនិត្យស្រាវជ្រាវ។
អង្គប្រជុំធំ ត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន។ កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ត្រី ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប។
- មាត្រា ១២៤ ថ្មី.-(មាត្រា ១០៥ ចាស់)
នាយករដ្ឋមន្ត្រី អាចរំលែកអំណាចរបស់ខ្លួនឱ្យទៅឧបនាយករដ្ឋមន្ត្រី ឬសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន។
- មាត្រា ១២៥ ថ្មី.-(មាត្រា ១០៦ ចាស់)
បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន។
- មាត្រា ១២៦ ថ្មី.-(មាត្រា ១០៧ ចាស់)
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួន។
ក្នុងករណីនេះ និងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញការងាររបស់ខ្លួន រដ្ឋសភាអាចសម្រេចប្ដឹងទៅតុលាការមានសមត្ថកិច្ច។
រដ្ឋសភាសម្រេចក្នុងរឿងនេះ ដោយវិធីបោះឆ្នោតជាសម្ងាត់ តាមមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ១២៧ ថ្មី.-(មាត្រា ១០៨ ចាស់)
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី នឹងត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី ១១ ថ្មី អំពីអំណាចតុលាការ
[edit]- មាត្រា ១២៨ ថ្មី.-(មាត្រា ១០៩ ចាស់)
អំណាចតុលាការ ជាអំណាចឯករាជ្យ។
អំណាចតុលាការ ធានារក្សាអនាគតិ និង ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
អំណាចតុលាការ គ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។
អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។
- មាត្រា ១២៩ ថ្មី.-(មាត្រា ១១០ ចាស់)
ការជម្រះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន។
មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។
- មាត្រា ១៣០ ថ្មី.-(មាត្រា ១១១ ចាស់)
គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ។
- មាត្រា ១៣១ ថ្មី.- (មាត្រា ១១២ ចាស់)
មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា។
- មាត្រា ១៣២.-(មាត្រា ១១៣ ចាស់)
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។
- មាត្រា ១៣៣ ថ្មី.-(មាត្រា ១១៤ ចាស់)
ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ។ ប៉ុន្តែឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុស។
- មាត្រា ១៣៤ ថ្មី.-(មាត្រា ១១៥ ចាស់)
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយ ដែលនឹងកំណត់សមាសភាព និងមុខងារ។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ ព្រះអង្គឱ្យធ្វើជាអធិបតី នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្ដីស្នើថ្វាយ ព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្ដីទាំងអស់។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រម និង ព្រះរាជអាជ្ញា ត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យដោយករណីទាក់ទងនឹងចៅក្រម ឬព្រះរាជអាជ្ញា។
- មាត្រា ១៣៥ ថ្មី.-(មាត្រា ១១៦ ចាស់)
លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា។
ជំពូកទី ១២ ថ្មី អំពីក្រុមប្រឹក្សាធម្មនុញ្ញ
[edit]- មាត្រា ១៣៦ ថ្មី.-
ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
- មាត្រា ១៣៧ ថ្មី.-(មាត្រា ១១៨ ចាស់)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក ប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្ដងបីឆ្នាំម្ដង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀត ត្រូវតែងតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធាន ត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានមានសម្លេងឧត្ដមានុភាព ក្នុងករណីបែកសម្លេងជាពីរស្មើគ្នា។
- មាត្រា ១៣៨ ថ្មី.-(មាត្រា ១១៩ ចាស់)
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជនដែលមានសញ្ញាប័ត្រចាប់ពីឧត្ដម សិក្សាទៅ ខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយពិសោធន៍ច្រើនក្នុងការងារ។
- មាត្រា ១៣៩ ថ្មី.-
មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពនឹងមុខងារសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ប្រធាន ឬអនុប្រធានសហជីព។
- មាត្រា ១៤០ ថ្មី.-
ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួនអាចបញ្ជូនច្បាប់ដែលរដ្ឋសភាបាន អនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឱ្យប្រើ។
បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឱ្យប្រើ។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចក្នុងរយៈពេល សាមសិប (៣០) ថ្ងៃយ៉ាងយូរ ថាតើច្បាប់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ។
- មាត្រា ១៤១ ថ្មី.-
ក្រោយពីច្បាប់ណាមួយ ត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬតុលាការ អាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់ នោះ។
ប្រជារាស្ត្រមានសិទ្ធិប្ដឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្ត្រ ឬ ប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភាដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
- មាត្រា ១៤២ ថ្មី.-(មាត្រា ១២៣ ចាស់)
បទប្បញ្ញត្តិក្នុងមាត្រាណា ដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាមិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឱ្យប្រើ ឬយកទៅអនុវត្តបានឡើយ។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។
- មាត្រា ១៤៣ ថ្មី.-(មាត្រា ១២៤ ចាស់)
ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។
- មាត្រា ១៤៤ ថ្មី.-(មាត្រា ១២៥ ចាស់)
ច្បាប់រៀបចំអង្គការមួយនឹងកំណត់ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
ជំពូកទី ១៣ ថ្មី អំពីការគ្រប់គ្រងរដ្ឋបាល
[edit]- មាត្រា ១៤៥ ថ្មី (មួយ).-
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
- មាត្រា ១៤៦ ថ្មី (មួយ).-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងច្បាប់រៀបចំអង្គការ។
ជំពូកទី ១៤ ថ្មី អំពីសមាជជាតិ
[edit]- មាត្រា ១៤៧ ថ្មី.-(មាត្រា ១២៨ ចាស់)
សមាជជាតិ បើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់ អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំណូមពរជូនរដ្ឋអំណាចដោះស្រាយ។
ប្រជារាស្ត្រខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។
- មាត្រា ១៤៨ ថ្មី.- (មាត្រា ១២៩ ចាស់)
សមាជជាតិ ប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។
សមាជជាតិ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។
- មាត្រា ១៤៩ ថ្មី.-
សមាជជាតិ អនុម័តសំណូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាចពិចារណា។
ការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជជាតិ នឹងត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី ១៥ ថ្មី អំពីការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ
[edit]- មាត្រា ១៥០ ថ្មី.-(មាត្រា ១៣១ ចាស់)
រដ្ឋធម្មនុញ្ញនេះ ជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
- មាត្រា ១៥១ ថ្មី.-(មាត្រា ១៣២ ចាស់)
ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ១៥២ ថ្មី.-(មាត្រា ១៣៣ ចាស់)
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលប្រទេស ជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា ៨៦។
- មាត្រា ១៥៣ ថ្មី.-(មាត្រា ១៣៤ ចាស់)
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។
ជំពូកទី ១៧ ថ្មី អំពីអន្តរប្បញ្ញត្តិ
[edit]- មាត្រា ១៥៤ ថ្មី.-
រដ្ឋធម្មនុញ្ញនេះ ក្រោយពីបានទទួលការអនុម័តត្រូវបានប្រកាសឱ្យចូលជាធរមានភ្លាមដោយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
- មាត្រា ១៥៥ ថ្មី.-(មាត្រា ១៣៦ ចាស់)
ក្រោយពេលរដ្ឋធម្មនុញ្ញនេះចូលជាធរមាន សភាធម្មនុញ្ញត្រូវក្លាយទៅជារដ្ឋសភា។
បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ត្រូវចូលជាធរមានក្រោយទទួលបានការអនុម័តពីរដ្ឋសភា។
ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបាន ប្រធាន អនុប្រធានទីមួយ និងអនុប្រធានទីពីរនៃសភាធម្មនុញ្ញ នឹងចូលរួមបំពេញភារកិច្ច ក្នុងក្រុមប្រឹក្សារាជសម្បត្តិបើសភាពការណ៍ក្នុងប្រទេសទាមទារ។
- មាត្រា ១៥៦ ថ្មី.-
ក្រោយរដ្ឋធម្មនុញ្ញនេះចូលជាធរមាន ព្រះមហាក្សត្រជ្រើសតាំងតាមល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងមាត្រា ១៣ ថ្មី និង ១៤។
- មាត្រា ១៥៧ ថ្មី.-
នីតិកាលទី ១ នៃព្រឹទ្ធសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។ សម្រាប់នីតិកាលទី ១ នៃព្រឹទ្ធសភា:
-សមាជិកព្រឹទ្ធសភា មានចំនួនសរុបហុកសិបមួយរូប។ -ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភាពីររូប ព្រមទាំងប្រធានអនុប្រធានទី ១ អនុប្រធានទី ២ នៃព្រឹទ្ធសភា។ -សមាជិក ដទៃទៀតនៃព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមសំណើរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ក្នុងចំណោមសមាជិកនៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។ -កិច្ចប្រជុំជាសមាជរដ្ឋសភា និងព្រឹទ្ធសភាត្រូវដឹកនាំដោយសហប្រធាន។
- មាត្រា ១៥៨ ថ្មី.-(មាត្រា ១៣៩ ចាស់)
ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និង ទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមក កែប្រែ ឬលុបចោលលើកលែងតែបទប្បញ្ញត្តិណា ដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញនេះ។
រដ្ឋធម្មនុញ្ញនេះ ត្រូវបានសភាធម្មនុញ្ញអនុម័តនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ នាសម័យប្រជុំលើកទី ២។