មាត្រា ៧៩ .
-ការចាត់ចែងមរតកត្រូវស្ថិតនៅក្រោមវិធានទាំងឡាយនៃទំលាប់ប្រពៃណីក្នុងរឿងនេះក្នុងពេលរង់ចាំការប្រកាសឱ្យប្រើក្រមរដ្ឋប្បវេណីថ្មី។
ផ្នែកទី ៤ : អំពីលទ្ធកម្មដោយប្រទានកម្ម
មាត្រា ៨០ .
-ប្រទានកម្មគឺជាកិច្ចសន្យាដែលជនម្នាក់ហៅថាអ្នកអោយ ឬទាយកផ្ទេរនូវកម្មសិទ្ធិនៃទ្រព្យរបស់ខ្លួនឱ្យទៅជនម្នាក់ទៀតហៅថាអ្នកទទួល ឬបដិគ្គាហកដែលព្រមទួលយកទ្រព្យនោះ។
មាត្រា ៨១ .
-ប្រទានកម្មអចលនវត្ថុមិនអាចត្រូវបានជំទាស់ពីតតិយជនបាន លុះត្រាតែប្រទានកម្មនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់លិខិតយថាភូត ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី។
មាត្រា ៨២ .
-អចលនវត្ថុអាចជាកម្មវត្ថុនៃប្រទានកម្មរវាងអ្នកនៅរស់ឬប្រទានកម្មដោយហេតុមរណៈឬអច្ចយទាន។ ប្រសិនបើជាប្រទានកម្មទៅវិញទៅមក ប្រតិបត្តិការនេះបង្កើតបានជាការប្ដូរ។
មាត្រា ៨៣ .
-រដ្ឋអាចធ្វើអំណោយជាអចលនវត្ថុចំពោះតែរូបវន្តបុគ្គលដោយហេតុផលសង្គមកិច្ច ដើម្បីឱ្យស្នាក់នៅឬដាំដំណាំចិញ្ចឹមជីវិត។ តម្លៃអចលនវត្ថុដែលផ្ដល់ឱ្យត្រូវបានកំណត់សមស្របទៅនឹងគោលដៅណាមួយដែលចង់បាននិងមិនអនុញ្ញាតឱ្យកេងយកកំរៃឬធ្វើមានបានមិនស្របទៅនឹងកំរិតជីវភាពសង្គមនៃអ្នកទទួល។ ប្រទានកម្មដែលរដ្ឋបានធ្វើពីមុនមកហើយមិនអាចសើរើបានឡើយ។
1426