Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/52

From Wikisource
This page has not been proofread.
មាត្រា ១៧៩.-

រាល់ចំណែក នៃអគារ ឬ ដីសម្រាប់ការប្រើប្រាស់ ឬ ជាប្រយោជន៍ នៃសហកម្មសិទ្ធិករទាំងឡាយ ឬ សហកម្មសិទ្ធិករខ្លះក្នុងចំណោមនោះបង្កើតបានជាចំណែករួម ។ ទ្រព្យរួមមានជាអាទិ :

  • - ដី ទីធ្លា ឧទ្យាន និង សួនច្បារ ផ្លូវ ច្រកចេញចូល
  • - ជញ្ជាំង សសរទ្រទ្រង់សំខាន់ៗ នៃអគារ ឧបករណ៍រួមរាប់បញ្ចូលចំណែក នៃបណ្ដាញទឹក ភ្លើង បណ្ដាញឧស្ម័ន ដែលអាចឆ្លងកាត់ចំណែកឯកជន
  • - ទូរួម បំពង់ និង ក្បាលបំពង់ផ្សែង
  • - ទីកន្លែង នៃសេវារួម ។

សិទ្ធិបន្ទាប់បន្សំខាងក្រោមនេះក៏ត្រូវទុកជាកម្មសិទ្ធិរួមដែរ :

  • - សិទ្ធិជីករុករកវត្ថុធាតុ ដែលមានក្នុងដី
  • - សិទ្ធិស្ថាបនាអគារថ្មីក្នុងទីធ្លា ឧទ្យាន ឬ សួនច្បារ ដែលជាចំណែករួម
  • - សិទ្ធិជីករុករកក្នុងទីធ្លា ឧទ្យាន ឬ សួនច្បារទាំងនោះ
  • - សិទ្ធិ នៃអឌ្ឍសិទ្ធិភាព ដែលជាប់ទៅនឹងចំណែករួមទាំងឡាយ
  • - សិទ្ធិលើកបន្តឱ្យខ្ពស់នូវអគារសម្រាប់ប្រើប្រាស់រួម ឬ ដែលមានកន្លែងច្រើនបង្កើតបានជាចំណែកឯកជនផ្សេងគ្នា ។ គ្មានករណីណាមួយ ដែលកម្មសិទ្ធិករ នៃអគារសហកម្មសិទ្ធិជាន់លើបំផុតអាចលើកបន្តសម្រាប់តែខ្លួនឯងផ្ទាល់ ឬ លក់សិទ្ធិ នៃការលើកបន្តនេះឡើយ ។
  • - បទប្បញ្ញត្តិនេះមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ ។
មាត្រា ១៨០.-

សហកម្មសិទ្ធិករ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណែករួម នៃអគារ ឬ ដីដោយបានកែប្រែដើម្បីការប្រើប្រាស់ជាឯកជន ឬ សម្រាប់លក់នឹងត្រូវបង្ខំឱ្យរៀបចំដូចសភាពដើមវិញ ។ សហកម្មសិទ្ធិករនោះត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងមាត្រា ២៥៧ នៃច្បាប់នេះ ។

ជនក្រៅសហកម្មសិទ្ធិករ ដែលដណ្ដើមយកចំណែករួមសម្រាប់ជាទីលំនៅឯកជនរបស់ខ្លួននឹងត្រូវបង្ខំឱ្យសងកន្លែង ដែលកាន់កាប់ខុសច្បាប់ ហើយត្រូវធ្វើឱ្យមានសភាពដូចដើមវិញ ។

1451