This page has not been proofread.
នីតិវិធីនៃការពិគ្រោះយោបល់នៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានពិភាក្សាជាមួយក្រសួងផែនការ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
មាត្រា ៣៩.-
ក្រុមប្រឹក្សាត្រូវរៀបចំផែនការអភិវឌ្ឍ ដែលរួមមាន :
- ចក្ខុវិស័យរបស់ក្រុមប្រឹក្សា ដោយបង្ហាញពីគោលដៅ និងគោលបំណងសម្រាប់អភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
- ការប៉ាន់ប្រមាណពីកម្រិតនៃការអភិវឌ្ឍដែលមានស្រាប់នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន និងការប៉ាន់ប្រមាណពីតម្រូវការពីតម្រូវការអភិវឌ្ឍសំខាន់ៗរួមមាន :
- តម្រូវការរបស់ក្រុមប្រឹក្សានៅក្នុងការរៀបចំទទួលយកនូវការផ្ទេរមុខងារ ភារកិច្ច និងធនធានថ្មីៗ
- សេវា មធ្យោបាយ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាមូលដ្ឋាននិងចាំបាច់នានា
- ការកាត់បន្ថយភាពក្រីក្រ
- តម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ កុមារ ក្រុមជនងាយទទួលរងគ្រោះរួមទាំងជនក្រីក្រ ជនជាតិដើមភាគតិច។
- ក្របខ័ណ្ឌអភិវឌ្ឍដែលត្រូវចែងអំពីគោលការណ៍ណែនាំជាមូលដ្ឋានក្នុង ការប្រើប្រាស់ និងគ្រប់គ្រងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិនៅតំបន់នោះ:
- ផែនការគ្រប់គ្រងគ្រោះមហន្តរាយ
- ផែនការហិរញ្ញវត្ថុ ដោយត្រូវរាប់បញ្ចូលទាំងផែនការអភិវឌ្ឍមូលធន ការគ្រោងថវិកាសម្រាប់រយៈពេលដប់ពីរ(១២)ខែ ចាប់ពីពេលរៀបចំផែនការ និងសម្រាប់រយៈពេលបី (៣)ឆ្នាំ ចាប់ពីពេលរៀបចំផែនការ ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ
- យុទ្ធសាស្ត្រអនុវត្តផែនការអភិវឌ្ឍ ដើម្បីធានាឱ្យមានតម្លាភាពនិងគណនេយ្យភាព ចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន