- តម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំសម្រាប់ទទួលមុខងារ ភារកិច្ច និងធនធានថ្មីៗ - សេវា មធ្យោបាយ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាមូលដ្ឋាន និងចាំបាច់ - ការកាត់បន្ថយភាពក្រីក្រ - តម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ និង កុមារ ក្រុមជនងាយទទួលរងគ្រោះដោយរួមបញ្ចូលទាំងជនក្រីក្រជាតិដើមភាគតិច។
មាត្រា ៤៣.-
ក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋខ្លួន។
មាត្រា ៤៤.-
រាជធានី ខេត្ត ក្រុង ស្រុក ត្រូវមានថវិកាផ្ទាល់របស់ខ្លួន ដែលហៅកាត់ថា ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ខណ្ឌ និងសង្កាត់ចំណុះរាជធានី ត្រូវមានថវិការបស់ខ្លួននៅក្នុងថវិការបស់រាជធានី។
សង្កាត់ចំណុះក្រុង ត្រូវមានថវិការបស់ខ្លួនក្នុងថវិការបស់ក្រុង។
ក្រុមប្រឹក្សាត្រូវអនុម័តលើថវិការបស់រដ្ឋបាលថ្នាក់ក្រោមថ្នាក់ ស្របតាមនីតិវិធីនិងប្រតិទិននៃការកសាងថវិការដ្ឋជារៀងរាល់ឆ្នាំ។
ក្រុមប្រឹក្សាត្រូវអនុម័តក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
ការគ្រប់គ្រងនិងការអនុវត្តគម្រោងថវិកាប្រចាំឆ្នាំ ត្រូវផ្អែកតាមច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ថវិកាត្រូវរៀបចំឡើងដោយគោរពតាមគោលការណ៍សំខាន់ៗទាំងអស់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។