Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/18

From Wikisource
This page has not been proofread.

សាធារណៈ​អំពី​របាយការណ៍ របៀប​វារៈ​ប្រជុំ កំណត់​ហេតុ​ប្រជុំ ដីកា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​ប្រកាស​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រឹក្សា និង​ឯកសារ​ដទៃ​ទៀត​របស់​ក្រុមប្រឹក្សា។

មាត្រា ៥២.-
ក្រុមប្រឹក្សា​នីមួយៗ​មាន​ក្ដារ​ព័ត៌មាន​ជា​សាធារណៈ ឬ​ មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​ទៀត​នៅ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន និង​នៅ​តាម​ទីកន្លែង​នានា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​តាម​ការ​ចាំបាច់ ហើយ​ទី​កន្លែង​ទាំង​នោះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ទទួល​បាន​ ព័ត៌មាន​ជា​សាធារណៈ​ទាំង​នោះ។

ផ្នែក​ទី ៣៖ ដីកា​របស់​ក្រុមប្រឹក្សា

មាត្រា ៥៣.-
ដីកា គឺ​ជា​វិធាន​ខាង​ផ្លូវ​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា។ យោង​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ក្រុមប្រឹក្សា​ប្រើប្រាស់​សិទ្ធិ​អំណាច​បញ្ញត្តិ​របស់​ខ្លួន តាម​ការ​ធ្វើ​សេចក្ដី​សម្រេច​ដើម្បី​ដាក់​ចេញ​នូវដីកា​តាម​ការ​ចាំបាច់។

មាត្រា ៥៤.-
ដីកា​របស់​ក្រុមប្រឹក្សា មាន​វិសាលភាព​ដើម្បី​កំណត់ ដើម្បី​ហាមឃាត់ ឬ ដើម្បី​ត្រូវ​ពិនិត្យ​លើ​សកម្មភាព លើ​នីតិវិធី ឬ លើ​កិច្ចការ​ណាមួយ ដែល​ស្ថិតនៅ​ក្នុង​វិសាលភាព​នៃ​មុខងារ ភារកិច្ច និង​ធនធាន​របស់​ក្រុមប្រឹក្សា​រួម​មាន : - តួនាទី ភារកិច្ច សិទ្ធិ​អំណាច​របស់​ក្រុមប្រឹក្សា - មុខងារ ឬ ភារកិច្ច ដែល​ប្រគល់​ឱ្យ​ក្រុមប្រឹក្សា - មុខងារ ឬ ភារកិច្ច ដែល​បាន​ធ្វើ​ប្រតិភូកម្ម​ទៅ​ឱ្យ​ក្រុមប្រឹក្សា ក្នុង​ករណី​ដែល​ការ​ធ្វើ​ប្រតិភូកម្ម​នោះ មិន​បាន​ដកចេញ​នូវ​សិទ្ធិ​អំណាច​ខ្លះ ឬ ទាំង​អស់​ដើម្បី​ដាក់​ចេញ​ដីកា - កិច្ចការ​ណាមួយ​ដែល​ច្បាប់​នេះ ឬ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស​ដទៃ​ទៀត តម្រូវ​ឱ្យ​ក្រុមប្រឹក្សា​ដាក់​ចេញ​ដីកា។