មាត្រា ៧២.-
ក្រុមប្រឹក្សា ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រជុំរបស់ខ្លួន។
សេចក្ដីសម្រេចទាំងឡាយណាដែលធ្វើឡើងមិនស្របនឹងបទបញ្ជាផ្ទៃក្នុង សម្រាប់ការប្រជុំរបស់ក្រុមប្រឹក្សា សេចក្ដីសម្រេចនោះពុំមានសុពលភាពឡើយ។
មាត្រា ៧៣.-
សមាជិកក្រុមប្រឹក្សា មានសេរីភាពក្នុងការបញ្ចេញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន។
គ្មានសមាជិកក្រុមប្រឹក្សាណាម្នាក់ត្រូវបានចាប់ខ្លួន ឬ ឃុំខ្លួន ឬ ប្រឈមនឹងសកម្មភាព ឬ ចំណាត់ការណាមួយដោយសារតែហេតុផលនៃការបញ្ចេញមតិ ឬ ការបោះឆ្នោតរបស់ខ្លួនក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាឡើយ។
មាត្រា ៧៤.-
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រជុំសាមញ្ញនៅក្នុងដែនដីរបស់ខ្លួនយ៉ាងហោចណាស់ចំនួនដប់ពីរ (១២)ដង ជារៀងរាល់ឆ្នាំ។
អង្គប្រជុំសាមញ្ញក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រារព្ធឡើងមិនឱ្យមុនម្ភៃប្រាំ (២៥)ថ្ងៃ ឬ លើសពីសាមសិបប្រាំ (៣៥) ថ្ងៃ បន្ទាប់ពីអង្គប្រជុំសាមញ្ញលើកមុនរបស់ក្រុមប្រឹក្សាបានឡើយ។
មាត្រា ៧៥.-
ក្រុមប្រឹក្សា ត្រូវអនុម័តប្រតិទិននៃការប្រជុំសាមញ្ញរបស់ខ្លួន សម្រាប់រយៈពេលដប់ពីរ (១២)ខែ មិនឱ្យហួសពីអង្គប្រជុំសាមញ្ញលើកទី ២ និងសម្រាប់រយៈពេលជាបន្តបន្ទាប់ទៀតក្នុងរយៈពេលដប់ពីរ (១២) ខែម្ដងៗ ដោយបញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងជាក់លាក់។
មាត្រា ៧៦.-
ក្រុមប្រឹក្សា ត្រូវផ្សព្វផ្សាយជាសាធារណៈ និងជាបន្ទាន់នូវប្រតិទិននៃការប្រជុំសាមញ្ញរបស់ខ្លួន។