- - បំពេញសមត្ថភាពផ្នែករដ្ឋបាល និងធនធានផ្នែករដ្ឋបាល រួមទាំងបុគ្គលិក ឧបករណ៍ ទ្រព្យសម្បត្តិ និងសម្ភារៈចាំបាច់នានា។
មាត្រា ១០២.-
ការរៀបចំចាត់ចែងបង្កើនសមត្ថភាពផ្នែករដ្ឋបាល ឬ ធនធានផ្នែករដ្ឋបាលនៅក្នុងឃុំ សង្កាត់ អាចធ្វើឡើងដោយអនុញ្ញាតឱ្យក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ពីរ ឬ ច្រើនប្រើប្រាស់រួមគ្នានូវបុគ្គលិក ឧបករណ៍ ទ្រព្យសម្បត្តិ ឬ សម្ភារៈខ្លះ ឬ ទាំងអស់តាមការចាំបាច់។
មាត្រា ១០៣.-
ក្នុងករណីដែលក្រុមប្រឹក្សាស្រុកបានប្រឹងប្រែងសម្របសម្រួលបង្កើន សមត្ថភាពផ្នែករដ្ឋបាល ឬ ធនធានផ្នែករដ្ឋបាលដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់រួចហើយ ប៉ុន្តែក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់នោះនៅតែមិនអាចបំពេញភារកិច្ចជាមូលដ្ឋាន និងចាំបាច់របស់ខ្លួនបាន ឬ មិនអាចជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យឱ្យ បានគ្រប់គ្រាន់ក្រុមប្រឹក្សាស្រុកត្រូវពិគ្រោះយោបល់ជាមួយ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីរាយការណ៍ជាលាយលក្ខណ៍អក្សរជាបន្ទាន់ទៅរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
របាយការណ៍ខាងលើនេះ ត្រូវដាក់បញ្ចូលនូវអនុសាសន៍សមស្របអំពីសំណើកែតម្រូវកង្វះខាតទាំងនេះ។
មាត្រា ១០៤.-
ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកភាពតាមរបាយការណ៍របស់ ក្រុមប្រឹក្សាស្រុក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការពិគ្រោះពិភាក្សាជាមួយ ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ពាក់ព័ន្ធ ដើម្បីរៀបចំផ្ដល់ការគាំទ្រដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ឱ្យ មានសមត្ថភាពក្នុងការជំរុញ និងធ្វើការឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យឱ្យមាន ប្រសិទ្ធភាព។