ជំពូកទី ៣៖ អំពីកម្មសិទ្ធិរបស់សមូហភាព
ផ្នែកទី ១៖ អំពីអចលនវត្ថុរបស់វត្ត
មាត្រា ២០ .
-អចលនវត្ថុជាដីនិងជាសំណង់ដែលមាននៅក្នុងនិងក្រៅបរិវេណវត្តអារាមនៃព្រះពុទ្ធសាសនាជាបេតិកភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសំរាប់ព្រះពុទ្ធសាសនា និងដាក់ឱ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្ត។
មាត្រា ២១.
-អចលនវត្ថុរបស់វត្តមិនអាចលក់ដូរឬធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ។ អចលនវត្ថុរបស់វត្តអាចជួល ឬប្រវាស់បាន តែផលទុនដែលបានមកពីការជួលឬប្រវាស់នេះត្រូវទុកសំរាប់តែកិច្ចការក្នុងសាសនាប៉ុណ្ណោះ។ កិច្ចការពារទ្រព្យទាំងនេះត្រូវធានាដោយតំណាងគណៈកម្មការវត្ត។ នីតិវិធីនៃការជ្រើសរើសគណៈកម្មការនិងតំណាងដើម្បីការពារប្រយោជន៍វត្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងធម្មការ និងសាសនា។
មាត្រា ២២ .
-ទីកន្លែងសក្ការបូជានិងទ្រព្យសម្បត្តិនៃជំនឿសាសនាដទៃទៀតមិនស្ថិតនៅក្រោមរបបដែលមានបញ្ញត្តិក្នុង មាត្រា ២០ និង មាត្រា ២១ នៃច្បាប់នេះឡើយ។ ទ្រព្យទាំងនោះត្រូវគ្រប់គ្រងដោយសមាគមនៃសាសនិកដែលបង្កើតឡើងទៅតាមបញ្ញត្តិនៃច្បាប់។
ផ្នែកទី ២៖ អំពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច
មាត្រា ២៣ .
-សហគមន៍ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាដែលសមាជិកទាំងអស់បង្ហាញនូវការឯកភាពនៃជាតិពន្ធុ សង្គមវប្បធម៌ និងសេដ្ឋកិច្ចប្រតិបត្តិរបៀបរស់នៅតាមប្រពៃណីនិងដាំដុះលើដី ដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទំលាប់នៃការប្រើប្រាស់ជាសមូហភាព។
1409