Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/29

From Wikisource
This page has not been proofread.

មាត្រា ៨៨ .

-​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​អាច​រៀបចំ​ឬ​កែប្រែបាន​ដោយ​សេរី​នូវ​ប្រភេទ​និង​រចនាសម្ព័ន្ធ​ដើម​នៃ​ទ្រព្យ​របស់ខ្លួន ស្របតាម​ការប្រើប្រាស់​ដែល​ខ្លួន​ចង់​ធ្វើតាម​ការកំណត់​នៃ​ច្បាប់​។ ​

មាត្រា ៨៩ .

-​ចាត់ទុកជា​ការកែប្រែ​ប្រភេទ​ឬ​រចនាសម្ព័ន្ធ​ដើម​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​ក្នុងន័យ​នៃ​ច្បាប់​នេះ​មាន​ជាអាទិ៍ ការ​គាស់​រាន​ដី ការកាប់​ព្រៃឈើ ការដាំ​ដំណាំ​លើដី​នោះ ការចាក់​បំពេញ​ដី ការ​ឈូស​ពង្រាប​ភ្នំ ការជីក​រុករក ការជីក​យក​ដី​ចេញ ការជីក​អណ្ដូងរ៉ែ​ឬ​កន្លែង​យក​ថ្ម ការរៀបចំ​ឬ​ការធ្វើឱ្យ​ស្ងួត​ដែន​វា​រី​ជាតិ ការរៀបចំ​ដី​កសិកម្ម​ទៅជា​ទីប្រជុំជន ការបង្កើត​តំបន់ឧស្សាហកម្ម​និង​ការបង្កើត​ទីតាំង​រោងចក្រ​។ ​

មាត្រា ៩០ .

-​កម្មសិទ្ធិករ​នៃ​ផ្ទៃដី​គឺជា​កម្មសិទ្ធិករ​នៃ​ផ្នែក​ក្រោម​ដី និង​រាល់​អ្វីៗ​ដែល​ទាញយក​ផល​បាន កុំ​ឱ្យតែ​ផ្ទុយ​នឹង​បញ្ញត្តិ​នៃ​មាត្រា ៨៨ និង​មាត្រា ៨៩ នៃ​ច្បាប់​នេះ​។ ព្រំប្រទល់​នៃ​ផ្នែក​ខាងក្រោម​ដី​ត្រូវ​បានកំណត់​តាម​បន្ទាត់​ឈរ​នៃ​ផ្ទៃរាប​ខាងលើ​។ ​ប៉ុន្តែ​កម្មសិទ្ធិករ​មិនអាច​ទាមទារ​យក​ជា​កម្មសិទ្ធិ​នូវ​បដិមាករ ចម្លាក់​ក្រឡោត​ឬ​បុរាណវត្ថុ​គ្រប់​ប្រភេទ​ដែល​បាន​រកឃើញ​។ ស្នាដៃ​ទាំងនេះ​ជា​ចំណែក​នៃ​បេតិកភណ្ឌ​ជាតិ ហើយ​ត្រូវតែ​ប្រគល់ឱ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ ​

មាត្រា ៩១ .

-​កម្មសិទ្ធិករ​នៃ​ផ្ទៃដី​ក៏​ជា​កម្មសិទ្ធិករ​នៃ​លំហ​អាកាស​និង​វត្ថុ​ធាតុ​អចិន្ត្រៃយ៍​ដែល​ស្ថិត​ចំ​ពី​លើដី​ជា​កម្មសិទ្ធិ​របស់ខ្លួន លើកលែងតែ​បណ្ដាញ​ខ្សែ​អគ្គិសនី​និង​ទូរគមនាគមន៍​ដែល​ត្រូវអនុវត្ត​តាមច្បាប់​ដោយឡែក​។ ជាពិសេស កម្មសិទ្ធិករ​អាច​កាប់​មែកឈើ​អ្នកជិតខាង​ដែល​លយ​ចូល​មកលើ​កម្មសិទ្ធិ​រប​ស់​ខ្លួន​ឬ​បេះយក​ផល​ផ្លែឈើ​នោះបាន​។ ​ប៉ុន្តែ​កម្មសិទ្ធិករ​មិនអាច​ហាមឃាត់​ការហោះហើរ​ដោយ​អាកាសយាន​គ្រប់​ប្រភេទ​បានឡើយ​។ ​

1428