មាត្រា ១២៩ .
- អសារកម្មសិទ្ធិករមិនអាចធ្វើឱ្យរំខានដល់សិទ្ធិរបស់ផលុបភោគី ទោះតាមរូបភាពណាក៏ដោយ។ ចំណែកឯផលុបភោគីវិញ នៅពេលអស់សិទ្ធិអាស្រ័យផល មិនអាចទាមទារសំណងនៃការកែលំអដែលខ្លួនអះអាងថាបានធ្វើនៅលើអចលនវត្ថុជាប់ផលុបភោគបានឡើយ ទោះជាអចលនវត្ថុនោះបានកើនតម្លៃដោយសារការរៀបចំរបស់ខ្លួនក៏ដោយ។ ផលុបភោគីឬទាយាទរបស់ជននេះអាចដកយកចេញបាននូវកញ្ចក់ ផ្ទាំងគំនូរ និងគ្រឿងតុបតែងផ្សេងៗដែលខ្លួនបានដាក់តាំងនៅក្នុងអគារ ប៉ុន្តែត្រូវរៀបចំកន្លែងនោះឱ្យមានស្ថានភាពដូចដើមឡើងវិញ។
មាត្រា ១៣០.
- ផលុបភោគីត្រូវបានទទួលបន្ទុកតែលើការជួសជុលថែទាំប៉ុណ្ណោះ។ ការជួសជុលធំៗជាបន្ទុករបស់អសារកម្មសិទ្ធិករ លើកលែងតែការខូចខាតណាដែលបណ្ដាលមកពីការខ្វះស្មារតីថែទាំរបស់ផលុបភោគី ចាប់ពីទទួលបានផលុបភោគមក។ ក្នុងករណីនេះផលុបភោគីត្រូវធ្វើដោយខ្លួនឯង។ ការជួសជុលធំៗគឺ ការជួសជុលជញ្ជាំងទ្រ ក្លោងទ្វារ ការរៀបចំឡើងវិញនូវធ្នឹម ដំបូងទាំងស្រុង ការរៀបចំឡើងវិញនូវទំនប់ទឹក ជញ្ជាំងទប់ដីឬទឹកនិងរបងទាំងមូល។ ការជួសជុលក្រៅពីនេះជាការជួសជុលថែទាំ។
មាត្រា ១៣១.
- ទាំងអសារកម្មសិទ្ធិករ ទាំងផលុបភោគី គ្មានកាតព្វកិច្ចសង់ឡើងវិញនូវអ្វីដែលបានទ្រុឌទ្រោម ឬអ្វីដែលបានបំផ្លាញដោយករណីប្រធានសក្ដិឡើយ។ ប៉ុន្តែបើអចលនវត្ថុដែលបានដាក់ធានារ៉ាប់រងត្រូវវិនាសបណ្ដាលមកពីមហន្តរាយជាយថាហេតុអសារកម្មសិទ្ធិករឬផលុបភោគីអាចសុំយកថ្លៃធានារ៉ាប់រងទៅជួសជុល ឬសាងសង់ឡើងវិញបាន។
1438