ផ្នែកទី ៣ : អំពីសេវភាព
មាត្រា ១៤២.
សេវភាពដីគឺជាបន្ទុក ដែលផ្ទុកទៅលើដីមួយ ហៅដីបំរើ ឬ ដីក្រោមសម្រាប់ការប្រើប្រាស់ និង ប្រយោជន៍ នៃដីមួយទៀតហៅដីប្រើ ឬ ដីលើ ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត ។
មាត្រា ១៤៣.
សេវភាពកើតពីធម្មជាតិ កើតពីច្បាប់ ឬ កើតពីការព្រមព្រៀងអាស្រ័យដោយស្ថានភាព នៃទីកន្លែង ដោយការកំណត់របស់ច្បាប់ ឬ ដោយការព្រមព្រៀងរវាងកម្មសិទ្ធិករ ។
អនុផ្នែកទី ១ : អំពីសេវភាពកើតពីធម្មជាតិ
មាត្រា ១៤៤.
ដីក្រោមត្រូវទទួលទឹក ដែលហូរតាមធម្មជាតិពីដីលើ ។
កម្មសិទ្ធិករ នៃដីក្រោមមិនអាចលើកទំនប់ ភ្លឺ របាំង ឬ ការ្យដទៃផ្សេងទៀតទប់ការហូរនេះបានឡើយ ។
កម្មសិទ្ធិករ នៃដីលើមិនអាចធ្វើអ្វី ដែលធ្វើឱ្យកាន់តែធ្ងន់ដល់សេវភាព នៃដីក្រោមបានឡើយ ។
មាត្រា ១៤៥.
កម្មសិទ្ធិករ នៃដីលើមានសិទ្ធិប្រើប្រាស់ និង ចាត់ចែងទឹកភ្លៀង ដែលធ្លាក់មកលើដីរបស់ខ្លួនព្រមទាំងទឹក ដែលមានប្រភពផុសឡើងនៅទីនោះ លើកលែងតែក្នុងករណី ដែលមានចែងក្នុងវាក្យខណ្ឌចុងក្រោយ នៃមាត្រា ១៤៤ ។
មាត្រា ១៤៦.
កម្មសិទ្ធិករ នៃដី ដែលស្ថិតនៅជាប់ផ្លូវទឹកហូរត្រូវទុកឱ្យទឹកហូរទៅលើដីជិតខាង ហើយកម្មសិទ្ធិករ នៃដីជិតខាងក៏ត្រូវមានកាតព្វកិច្ចដូចគ្នា ចំពោះដីនៅឆ្ងាយទៅតាមតម្រូវការ នៃកសិកម្ម ។
1442