Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/54

From Wikisource
This page has not been proofread.

សហកម្មសិទ្ធិករណាម្នាក់ ដែលមិនព្រមគោរពតាមការសម្រេចរបស់មហាសន្និបាត និង ដោះខ្លួនពីចំណែក នៃបន្ទុក ដែលធ្លាក់មកលើខ្លួន អាចនឹងត្រូវបានប្ដឹងទៅតុលាការដើម្បីបង្ខំឱ្យបង់បន្ទុក ដែលត្រូវបង់ ។ ក្នុងករណីគ្មានការបង្កើតអង្គការគ្រប់គ្រង ការគ្រប់គ្រងសហកម្មសិទ្ធិករត្រូវរ៉ាប់រងផ្ទាល់ដោយសហកម្មសិទ្ធិករទាំងអស់ ដែលធ្វើការសម្រេចជាឯកច្ឆន្ទ ។ បើសិនគ្មានការ យល់ព្រមណាមួយអាចកើតឡើងរវាងសហកម្មសិទ្ធិករទេ ដែលជាហេតុនាំឱ្យការថែទាំមិនល្អ ឬ ថយតម្លៃ នៃសហកម្មសិទ្ធិ សហកម្មសិទ្ធិករទាំងអស់ក្រោយពីមានការព្រមព្រៀងគ្នាអាចប្ដឹងទៅតុលាការឱ្យចាត់អ្នកគ្រប់គ្រងសហកម្មសិទ្ធិម្នាក់ ។ ប្រាក់ឈ្នួលសម្រាប់អ្នកគ្រប់គ្រងជាបន្ទុក នៃសហកម្មសិទ្ធិករទាំងអស់ ។

មាត្រា ១៨៥.-

អាជ្ញាធរមានសមត្ថកិច្ចអាចដាក់វិធានការឱ្យសហកម្មសិទ្ធិករ រ៉ាប់រងការថែទាំឱ្យល្អលើចំណែករួម ។ សោហ៊ុយ នៃការថែទាំជាបន្ទុក នៃសហកម្មសិទ្ធិករ ដោយគិតតាមសមាមាត្រទៅនឹងតម្លៃ នៃចំណែករៀងៗខ្លួន ។ សហកម្មសិទ្ធិករ ដែលមិនព្រមចូលរួមទទួលបន្ទុកនេះ ឬ មិនគោរពតាមលក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងមាត្រា ២៥៨ នៃច្បាប់ នេះ ។


ជំពូកទី ១១ : អំពីអឌ្ឍសិទ្ធិភាព

មាត្រា ១៨៦.-

អឌ្ឍសិទ្ធិភាពគឺជាទម្រង់មួយ នៃកម្មសិទ្ធិរួមអនុវត្តទៅលើជញ្ជាំង និង កំពែង ដែលនៅត្រង់ព្រំខ័ណ្ឌចែកកម្មសិទ្ធិពីរជាប់គ្នា ។ កំពែងក្នុងន័យ នៃច្បាប់នេះគឺសំដៅទៅលើស្នាមភ្លោះ របង និង ភ្លឺ ។

1453