Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/55

From Wikisource
This page has not been proofread.
ផ្នែកទី ១ : អំពីជញ្ជាំងអឌ្ឍសិទ្ធិ
មាត្រា ១៨៧.-

ការជួសជុល និង ការសាងសង់ជញ្ជាំងអឌ្ឍសិទ្ធិឡើងវិញ ជាបន្ទុក នៃអ្នក ដែលមានសិទ្ធិលើទ្រព្យនោះតាមសមាមាត្រទៅនឹងសិទ្ធិ នៃកម្មសិទ្ធិករម្នាក់ៗ ។ រាល់កម្មសិទ្ធិករ ដែលពាក់ព័ន្ធអាចឱ្យរួចពីការចេញថ្លៃជួសជុល ឬ សាងសង់ជញ្ជាំងអឌ្ឍសិទ្ធិឡើងវិញ ដោយលះបង់សិទ្ធិ នៃអឌ្ឍសិទ្ធិរបស់ខ្លួនលើកលែងតែជញ្ជាំងអឌ្ឍសិទ្ធិទល់ទ្រអគារ ដែលជារបស់ខ្លួនប៉ុណ្ណោះ ។

មាត្រា ១៨៨.-

កម្មសិទ្ធិករណាម្នាក់ នៃជញ្ជាំងអឌ្ឍសិទ្ធិមិនអាចចោះចូលជ្រៅទៅក្នុងជញ្ជាំងអឌ្ឍសិទ្ធិ ឬ ធ្វើការ្យអ្វី ដែលអាចបណ្ដាលឱ្យខូចខាតដល់ជញ្ជាំងអឌ្ឍសិទ្ធិ ដោយគ្មានការព្រមព្រៀងពីកម្មសិទ្ធិករម្ខាងទៀតឡើយ ។ ក្នុងករណីគ្មានការព្រមព្រៀងគ្នា តម្រូវឱ្យអាជ្ញាកណ្ដាលជាអ្នកជំនាញ ដែលនឹងកំណត់មធ្យោបាយចាំបាច់សម្រាប់ការ្យថ្មី ដែលមិនរំខានដល់សិទ្ធិរបស់កម្មសិទ្ធិករណាម្នាក់ ។

មាត្រា ១៨៩.-

កម្មសិទ្ធិករម្នាក់ៗអាចសង់ជាប់នឹងជញ្ជាំងអឌ្ឍសិទ្ធិ និង ដាក់ធ្នឹម និង រនូត ចូលក្នុងជញ្ជាំងអឌ្ឍសិទ្ធិដោយទុកឱ្យដល់ប្រាំសង្ទីម៉ែត្រ តែការងារនេះមិនត្រូវធ្វើឱ្យខូចដល់សិទ្ធិរបស់អ្នកម្ខាងទៀតឡើយ ។ ប្រសិនបើកម្មសិទ្ធិករម្ខាងទៀតនោះមានបំណងសង់ពីម្ខាងត្រង់កន្លែងនោះមកវិញដែរ កម្មសិទ្ធិករនោះអាចមានសិទ្ធិទាមទារឱ្យបន្ថយធ្នឹម និង រនូតនោះមកត្រឹមពាក់កណ្ដាល នៃកំរាស់ជញ្ជាំងវិញ ។

មាត្រា ១៩០.-

កម្មសិទ្ធិករ នៃអចលនវត្ថុ ដែលនៅជាប់ជញ្ជាំងណាមួយរបស់កម្មសិទ្ធិករដទៃ មានសិទ្ធិធ្វើជញ្ជាំងនោះឱ្យទៅជាជញ្ជាំងអឌ្ឍសិទ្ធិទាំងស្រុង ឬ មួយចំណែកដោយសងទៅកម្មសិទ្ធិករ នៃជញ្ជាំងនោះនូវតម្លៃពាក់កណ្ដាល នៃចំណែក ដែលខ្លួនចង់ធ្វើឱ្យទៅជាអឌ្ឍសិទ្ធិ បូកនឹងពាក់កណ្ដាលតម្លៃដី ដែលសង់ជញ្ជាំងពីលើនោះ ។

1454