បុរិមា (Preference) : សិទ្ធិដែលបើកអោយជនណាម្នាក់បានអ្វីមួយមុនជនឯទៀត។ បេតិកភណ្ឌ (Patrimoine) : ទ្រព្យដែលជនម្នាក់ៗមាន និងបំណុលដែលជនម្នាក់ៗជំពាក់គេ។ ទាំងទ្រព្យ ទាំងបំណុលរបស់ជនម្នាក់ៗហៅថា "បេតិកភណ្ឌ"។ ប្រតិសិទ្ធិ (Ayant cause) : អ្នកទទួលសិទ្ធិបន្តពីគេដើម្បីប្រកបការរបស់ខ្លួនផង និងជំនួសគេផង ប្រធានសក្កិ (Force majeure) : ព្រឹត្តិការណ៍ដែលកើតឡើងដោយមិនដឹងជាមុនមិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជំនះបាន។ ប្រទានកម្ម (Donation) : ការអោយ-អំណោយ។ ប្រាតិភោគភណ្ឌិក (Surete reelle) : ការយកទ្រព្យទៅធានាបំណុល។ ឧទា: ការបញ្ចាំស្រែជាប្រាតិភោគភណ្ឌិកអចលនវត្ថុ។ ការបញ្ចាំខ្សែមាសជា ប្រាតិភោគភណ្ឌិកចលនវត្ថុ។ (ក្រមរដ្ឋប្បវេណីចាស់ប្រើប្រាតិភោគប្រត្យក្ស) ផលទុន (Revenu) : ផល ឬ ចំណេញដែលកើតមកពីប្រាក់ទុន ឬពីមូលនិធិដែលគេយកទៅប្រកបមុខរបរណាមួយ។ ផលធម្មជាតិ (Fruit naturel) : ផលិតផលដែលកើតអំពីដីធ្លី ឬកូនសត្វស្រុកដែលកើតពីមេបាវា។ ផលស៊ីវិល (Fruit civil) : ប្រាក់ដែលបានមកពីវត្ថុឬពីប្រាក់ដូចជាការប្រាក់ឬឈ្នួលផ្ទះជាដើម។ ផលុបភោគ (Usufruit) : សិទ្ធិបរិភោគ និងប្រើប្រាស់ផល និងផលទុនដែលកើតមកពីទ្រព្យជាកម្មសិទ្ធិរបស់អ្នកដទៃ។ ផលុបភោគី (Usufruitier) : អ្នកបាននូវផលុបភោគ អ្នកស៊ីផល។ ព្យសនកម្ម (Prejudice) : ការខូចខាត ឬសេចក្ដីវិនាសអន្តរាយដល់រូបកាយក្ដី ដល់សំភារៈក្ដី ដល់ទឹកចិត្តក្ដី ដែលបណ្ដាលមកពីអំពើរបស់អ្នកដទៃ។ ព្រឹត្តិការណ៍ (Evenement) : អ្វីៗដែលកើតមានឡើង ឬដែលប្រព្រឹត្តទៅ។ ភតិសន្យាបតី (Bailleur) : ម្ចាស់អចលនវត្ថុដែលដាក់អចលនវត្ថុជួលអោយអ្នកដទៃ។ ភាគី (Partie) : គូក្ដី គូសញ្ញា ជនម្ខាងៗ នៃកិច្ចសន្យា។ ភោគៈ (Possession) : សិទ្ធិដែលជនម្នាក់ៗមានលើទ្រព្យណាមួយជាបណ្ដោះអាសន្ន មិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ។ "ភោគៈ" ជាពាក្យផ្ទុយនឹងកម្មសិទ្ធិដែលជាសិទ្ធិពេញបរិបូរណ៍របស់ជនម្នាក់ៗលើទ្រព្យណាមួយ។ ឧទា: ដីមានប្លង់សុរិយោដី ជាដីកម្មសិទ្ធិ ឯដីមិនទាន់មានប្លង់សុរិយោដី គឺភោគៈ។ ភោគី (Possesseur) : អ្នកទទួលភោគៈ។ មធ្យោបាយ (Moyen) : អ្វីដែលជាគ្រឿងសំរាប់យកទៅដោះស្រាយកិច្ចការ ឬបញ្ហាណាមួយ។ មាតិកា (Titre) : មេសេចក្ដី ដើមសេចក្ដី ចំណែកធំៗ នៃច្បាប់។ អត្ថបទច្បាប់ចែកចេញជាគន្ថី គន្ថីចែកចេញជាមាតិកា មាតិកាចែកចេញជាជំពូក ជំពូកនិមួយៗចែកចេញជាផ្នែក។
1480