សៀវភៅគោលបញ្ជីដី (Registre foncier) : បញ្ជីគោលសំរាប់កត់ត្រានូវខ្លឹមសារនៃទិន្នន័យដែលបង្កើតជាស្ថានភាពនៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ។ ទាក់ទង នឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់និងធ្វើចរន្តការតាមលំដាប់ពេលវេលា។ សំរង់សុរិយោដី (Releve cadastral) : សេចក្ដីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និងគតិយុត្តក្នុងវិស័យសុរិយោដី ពីស្ថានភាពជាក់ស្ដែងលើដីយកមកកសាងជាឯកសារសុរិយោដីដើម្បីធានាសិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ។ សម្បទាន (Concession) : អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្ដល់អោយរូបវន្តបុគ្គល ឬនីតិបុគ្គល សំរាប់សង់លំនៅឋាន ឬ/និងបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសំរាប់ប្រជាពលរដ្ឋក្រីក្រ (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម) ឬសំរាប់ធ្វើការដាំដុះធ្វើអាជីវកម្មកសិឧស្សាហកម្មក្នុងទំហំដីធំទូលាយ ពិសេសសំរាប់អ្នកវិនិយោគទុន (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច) តាមរយៈកិច្ចសន្យាផ្ដល់សម្បទានដោយត្រូវបង់ប្រាក់ជូនរដ្ឋ។ សម្បទានិក (concessionnaire) : អ្នកទទួលបានសម្បទាន។ សមាមាត្រ (Proportion) : ការឬរបស់អ្វីមួយដែលសម ដែលល្មមនឹងការឬនឹងរបស់មួយទៀត។ ឧទា: ទណ្ឌកម្មដែលតុលាការបានផ្ដន្ទានេះមានសមាមាត្រនឹងអំពើ ដែលជននោះបានប្រព្រឹត្តហើយគឺថាសមរម្យនឹងអំពើនោះហើយ។ សមូហភាព (Collectivite) : ជនទាំងឡាយដែលមករួមគ្នាជាក្រុម ឬជាសម្ព័ន្ធមួយ។ មនុស្សទាំងអស់ក្នុងឃុំ ឬក្នុងស្រុក ឬក្នុងក្រុងណាមួយហៅថាសមូហភាព។ សហកម្មសិទ្ធិ (Co-propriete) : កម្មសិទ្ធិតែមួយជារបស់ប្រជាជនច្រើននាក់។ ឧទា: ជនច្រើននាក់រួបរួមគ្នាទិញរថយន្តមួយ។ រថយន្តនោះជាសហកម្មសិទ្ធិរបស់ជនទាំងឡាយដែលទិញនោះ។ សហកម្មសិទ្ធិករ (Co-proprietaire) : អ្នកដែលមានសហកម្មសិទ្ធិ។ សហគមន៍ (Communaute) : អ្វីៗដែលជនទាំងឡាយយកមករួមគ្នា។ ទ្រព្យសហគមន៍គឺទ្រព្យដែលប្ដី-ប្រពន្ធរកបានជាមួយគ្នា។
1482