ក្រុមប្រឹក្សាអាចតែងតាំងសមាជិកក្រុមប្រឹក្សា អភិបាល អភិបាលរង បុគ្គលិកក្រុមប្រឹក្សាជាសមាជិកគណៈកម្មាធិការបាន។ គណៈកម្មាធិការខាងលើនេះ មិនត្រូវមានតួនាទី ភារកិច្ចត្រួតគ្នាជាមួយនឹងតួនាទីភារកិច្ចរបស់គណៈកម្មាធិការទាំងបី របស់ក្រុមប្រឹក្សា ឬ តួនាទី ភារកិច្ចរបស់គណៈអភិបាលឡើយ។
មាត្រា ១១៦.-
ក្រុមប្រឹក្សា ត្រូវសម្រេចអំពីចំនួនសមាជិកគណៈកម្មាធិការនីមួយៗ អំពីការតែងតាំងប្រធាន អនុប្រធាន និងអំពីការកំណត់តួនាទី ភារកិច្ច សកម្មភាពរបស់គណៈកម្មាធិការនីមួយៗដែលខ្លួនបានបង្កើតឡើង។
មាត្រា ១១៧.-
ក្រុមប្រឹក្សា អាចអនុញ្ញាតឱ្យ គណៈកម្មាធិការនីមួយៗជ្រើសរើសបុគ្គល ដែលមិនមែនជាសមាជិកក្រុមប្រឹក្សា ធ្វើជាទីប្រឹក្សាតាមការចាំបាច់។
មាត្រា ១១៨.-
ក្រុមប្រឹក្សា ត្រូវធានាឱ្យមានតំណាងស្ត្រីនៅក្នុងគណៈកម្មាធិការរបស់ខ្លួនរួមទាំងប្រធាន ឬ អនុប្រធានគណៈកម្មាធិការផង។
មាត្រា ១១៩.-
គណៈកម្មាធិការនីមួយៗនៃក្រុមប្រឹក្សា ត្រូវរាយការណ៍អំពីសកម្មភាពរបស់ខ្លួនឱ្យបានទៀងទាត់ឱ្យក្រុមប្រឹក្សា និងគណៈអភិបាល។
មាត្រា ១២០.-
ក្រុមប្រឹក្សា អាចបញ្ឈប់សមាជិកណាមួយពីគណៈកម្មាធិការដែលខ្លួនបានបង្កើតឡើង។
ក្នុងករណីដែលសមាជិកគណៈកម្មាធិការនោះ ជាសមាជិកក្រុមប្រឹក្សា សមាជិកនោះនៅតែជាសមាជិកក្រុមប្រឹក្សាដដែល។