មាត្រា ១៣៩.-
គណៈអភិបាលរួមមាន ប្រធានមួយរូប ដែលហៅថា អភិបាល និងអភិបាលរងមួយចំនួន។
មាត្រា ១៤០.-
គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើនប្រាំពីរ (០៧)រូប។
គណៈអភិបាលខេត្តមានចំនួនពីបី (០៣)រូប ទៅប្រាំពីរ (០៧) រូប។
គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពីបី (០៣)រូប ទៅប្រាំ (០៥)រូប។
ចំនួនជាក់ស្ដែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៤១.-
អភិបាលរាជធានី អភិបាលខេត្ត ត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អភិបាលរងរាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវតែងតាំងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៤២.-
អភិបាលរាជធានី អភិបាលខេត្ត ត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទដែលស្ថិតក្នុង ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម :
- មានឋានន្តរសក្ដិឧត្តមមន្ត្រី
- មានអាយុចាប់ពីសាមសិបប្រាំ (៣៥)ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
- មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំពីរ (០៧)ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា