មាត្រា ១៥០.-
អភិបាល អភិបាលរង ត្រូវបញ្ឈប់ពីមុខតំណែងនៅមុនពេលបញ្ចប់អាណត្តិការងារប្រសិនបើសាមីខ្លួន :
- ដាក់ពាក្យលាលែងជាលាយលក្ខណ៍អក្សរជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬ
- ត្រូវបានដកហូតពីមុខតំណែង។
មាត្រា ១៥១.-
អភិបាល អភិបាលរងណាមួយ ត្រូវដកហូតពីមុខតំណែងមានមុនពេលបញ្ចប់អាណត្តិការងារ ក្នុងករណីណាមួយដូចខាងក្រោម :
- បាត់បង់លក្ខណសម្បត្តិជាអភិបាល ឬ អភិបាលរង
- អសមត្ថភាព
- បំពេញការងារមិនបានល្អ
- មានបញ្ហាសុខភាព ឬ បាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
- បោះបង់ចោលការងារ
- ប្រព្រឹត្តខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈ។
មាត្រា ១៥២.-
ក្រុមប្រឹក្សា អាចស្នើជាលាយលក្ខណ៍អក្សរទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដកហូតអភិបាល អភិបាលរងចេញពីមុខដំណែង ដោយផ្អែកតាមករណីណាមួយក្នុងចំណោមករណីដូចមានចែងក្នុងមាត្រា ១៥១ នៃច្បាប់នេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតជាបន្ទាន់នូវ សំណើខាងលើនេះ ដើម្បីធ្វើសេចក្ដីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យសម្រេចចំពោះអភិបាលរាជធានីអភិបាលខេត្ត អភិបាលរាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ។
ចំពោះអភិបាលរងក្រុង ស្រុក ខណ្ឌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតនិងដោះស្រាយជាបន្ទាន់។