ផ្នែកទី ២ នាយករដ្ឋបាល
មាត្រា ១៨៣.-
ក្រុមប្រឹក្សានីមួយៗ ត្រូវមាននាយករដ្ឋបាលមួយរូបដែលតែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៨៤.-
នាយករដ្ឋបាល មានតួនាទីជាជំនួយការក្នុងការចាត់ចែងកិច្ចការរដ្ឋបាល និងធានានិរន្តរភាពកិច្ចការរដ្ឋបាលប្រចាំថ្ងៃរបស់ក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួន។
ក្នុងតួនាទីខាងលើនេះ នាយករដ្ឋបាលត្រូវធ្វើសេចក្ដីរាយការណ៍ និងមានគណនេយ្យភាព ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួន។
មាត្រា ១៨៥.-
នាយករដ្ឋបាល មានតួនាទី ភារកិច្ចដូចខាងក្រោម :
- អនុវត្តកិច្ចការប្រចាំថ្ងៃរបស់ក្រុមប្រឹក្សា និងគណៈអភិបាល
- ធានាឱ្យអង្គភាព បុគ្គលិករបស់ក្រុមប្រឹក្សា អនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួន
- អនុវត្តដីការបស់ក្រុមប្រឹក្សា
- ចូលរួម និងមានយោបល់រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈកម្មាធិការរបស់ក្រុមប្រឹក្សា និងគណៈអភិបាល ប៉ុន្តែពុំមានសិទ្ធិបោះឆ្នោតបានឡើយ
-ផ្ដល់យោបល់ដល់ក្រុមប្រឹក្សា ដល់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ដើម្បីក្រុមប្រឹក្សាសម្រេចបាននូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
-ផ្ដល់យោបល់ដល់គណៈអភិបាល ដើម្បីគណៈអភិបាលអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។