Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/50

From Wikisource
This page has not been proofread.

មាត្រា ១៧៨.-
បុគ្គលិក​ទាំងអស់ ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ និង​គណនេយ្យ​ភាព​ដោយ​ផ្ទាល់​ចំពោះ​ប្រធាន​គ្រប់គ្រង​ផ្ទាល់​របស់​ខ្លួន និង​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ និង​គណនេយ្យភាព​ដោយ​ប្រយោល​ចំពោះ​នាយករដ្ឋបាល អភិបាល គណៈអភិបាល និង​ក្រុមប្រឹក្សា​តាម​ឋានានុក្រម។

មាត្រា ១៧៩.-
រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ ត្រូវ​មាន​ប្រធាន​ហិរញ្ញវត្ថុ​មួយ​រូប។ ប្រធាន​ហិរញ្ញវត្ថុ​នេះ ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា ដើម្បី​បំពេញ​ភារកិច្ច​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​យល់ព្រម​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

មាត្រា ១៨០.-
ប្រធាន​ហិរញ្ញវត្ថុ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ការងារ​លទ្ធកម្ម និង​ធានា​ដល់​ការ​ធ្វើ​សវនកម្ម​ឱ្យ​ បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​នេះ​ និង​លិខិត​បទដ្ឋាន​នានា ដែល​ធ្វើឡើង​ស្របតាម​ច្បាប់​នេះ។

មាត្រា ១៨១.-
ក្រុមប្រឹក្សា​ស្រុក ត្រូវ​មាន​អង្គភាព​មួយ​សម្រាប់​គាំទ្រ​ឃុំ សង្កាត់។ អង្គភាព​គាំទ្រ​ឃុំ សង្កាត់​ត្រូវ​មាន​ប្រធាន​មួយ​រូប។ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គភាព​គាំ​ទ្រ​ឃុំ សង្កាត់​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

មាត្រា ១៨២.-
បុគ្គលិក​ក្រុមប្រឹក្សា ត្រូវ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​អង្គភាព​របស់​ខ្លួន ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា និង​គណៈអភិបាល។