បុគ្គលិកដែលត្រូវបានរៀបចំឡើងវិញទៅឱ្យក្រុមប្រឹក្សាស្របតាម បទប្បញ្ញត្តិនៃច្បាប់នេះ។ សមាជិកក្រុមប្រឹក្សា មិនមែនជាបុគ្គលិករបស់ក្រុមប្រឹក្សាឡើយ។
មាត្រា ១៧៤.-
បុគ្គលិករបស់ក្រុមប្រឹក្សា ត្រូវស្ថិតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យដោយផ្ទាល់របស់គណៈអភិបាលក្នុងនាមក្រុមប្រឹក្សា របស់ខ្លួន។
មាត្រា ១៧៥.-
បុគ្គលិកក្រុមប្រឹក្សា មិនត្រូវបញ្ចូលនូវមន្ត្រីនៃក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល ឬ មន្ត្រីដទៃទៀតដែលអនុវត្តភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ច្បាប់ និងសិទ្ធិមនុស្សក្នុងនាមរាជរដ្ឋាភិបាលឡើយ។
មាត្រា ១៧៦.-
បុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សា ត្រូវដំណើរការតាមការប្រកួតប្រជែងដែលមានតម្លាភាព។
ក្នុងដំណើរការជ្រើសរើស និងតែងតាំងបុគ្គលិករបស់ក្រុមប្រឹក្សា ត្រូវធានាឱ្យមានចំនួនស្ត្រីសមស្របនៅមុខតំណែងប្រធាន ឬ អនុប្រធាន អង្គភាព និងបុគ្គលិករបស់ក្រុមប្រឹក្សា។
ការជ្រើសរើស និងការតែងតាំងនេះ ត្រូវធ្វើឱ្យ ស្របទៅតាមបទប្បញ្ញត្តិស្ដីពីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា ១៧៧.-
ក្រុមប្រឹក្សាត្រូវសម្រេចអំពីការតែងតាំង ការបណ្ដេញចោល ការកម្រិតប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់មុខតំណែងបុគ្គលិករបស់ខ្លួន។
ការតែងតាំង ការបណ្ដេញចោល ការកម្រិតប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗរបស់បុគ្គលិកក្រុមប្រឹក្សា ត្រូវធ្វើឡើងឱ្យ ស្របទៅតាមបទប្បញ្ញត្តិស្ដីពីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។