មាត្រា ២០០.-
ផ្អែកតាមលក្ខខណ្ឌនានាដែលបានចែងក្នុងច្បាប់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ត្រូវពិនិត្យមើលឡើងវិញនូវការទទួលខុសត្រូវ និងមុខងាររបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីកំណត់មុខងារសម្រាប់ផ្ទេរដល់ក្រុមប្រឹក្សានានានៅថ្នាក់ក្រោម ជាតិ។
ការកំណត់ និងការផ្ទេរមុខងារខាងលើនេះ ត្រូវធ្វើឡើងដោយរួមជាមួយនឹង :
- ការផ្ទេរធនធានរួមមាន ចំណូល ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និងសមត្ថភាពដើម្បីគ្រប់គ្រង និងអនុវត្តមុខងារនីមួយៗ
- ការផ្ដល់លទ្ធភាព និងអំណាច ដើម្បីទទួលបានធនធានចាំបាច់រួមមាន ចំណូលហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និងសមត្ថភាពសម្រាប់គ្រប់គ្រង និងអនុវត្តមុខងារនីមួយៗនោះ
- ការផ្ដល់អំណាច និងភារកិច្ច ដើម្បីគ្រប់គ្រង និងអនុវត្តរាល់មុខងាររបស់ខ្លួនតាមគោលការណ៍ស្វ័យភាពមូលដ្ឋាន និងគណនេយ្យភាពនៅមូលដ្ឋានក្នុងកម្រិតជាអតិបរមា។
មាត្រា ២០១.-
ក្នុងពេលដែលរង់ចាំការផ្ទេរមុខងារ និងភារកិច្ចដល់ក្រុមប្រឹក្សានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិត្រូវធានាឱ្យ បានថា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិបានធ្វើសមាហរណកម្មនូវ ផែនការអភិវឌ្ឍ និងថវិការបស់ខ្លួននៅថ្នាក់ក្រោមជាតិទៅក្នុងផែនការអភិវឌ្ឍ និង ថវិការបស់ក្រុមប្រឹក្សាតាមប្រភេទនីមួយៗ។
មាត្រា ២០២.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវធានាឱ្យច្បាប់នេះ ត្រូវបានអនុវត្តដោយក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៅថ្នាក់ជាតិ មន្ទីរអង្គភាពនានារបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ និងក្រុមប្រឹក្សានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។