មាត្រា ១៩៥.-
អនុគណៈកម្មាធិការ ត្រូវពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល មុនពេលផ្ដល់អនុសាសន៍ដល់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
មាត្រា ១៩៦.-
អនុគណៈកម្មាធិការនីមួយៗ អាចបង្កើតក្រុមការងារមួយ ឬ ច្រើនតាមការចាំបាច់ដើម្បីសិក្សា និងរាយការណ៍អំពីការងារដែលស្ថិតនៅក្នុងភារកិច្ច និងសិទ្ធិអំណាចរបស់អនុគណៈកម្មាធិការ។
មាត្រា ១៩៧.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវមានលេខាធិការដ្ឋានមួយជាសេនាធិការ។
លេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្ថិតនៅក្នុងក្រសួងមហាផ្ទៃ។
ការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋាន ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់គណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
មាត្រា ១៩៨.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវប្រជុំយ៉ាងតិចពី(០២)ខែម្ដង។
មាត្រា ១៩៩.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។