មាត្រា ២២៥.-
ការប្រគល់ ឬ ការធ្វើប្រតិភូកម្ម មុខងារជាកាតព្វកិច្ច ត្រូវជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ ក្រោមជាតិដោយ:
- ផ្ដល់ទៅឱ្យក្រុមប្រឹក្សានូវអំណាចជាអតិបរមា ដើម្បីឱ្យក្រុមប្រឹក្សាធ្វើការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនោះ
- តម្រូវឱ្យក្រុមប្រឹក្សាគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនោះដោយមានការឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មាត្រា ២២៦.-
មុខងារជាកាតព្វកិច្ចដែលបានធ្វើប្រតិភូកម្ម ក្រុមប្រឹក្សាត្រូវមានការទទួលខុសត្រូវចំពោះក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដោយអនុលោមទៅតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ។
ផ្នែកទី ៤ មុខងារជាជម្រើស
មាត្រា ២២៧.-
មុខងារដែលមិនមានលក្ខណៈជាកាតព្វកិច្ច គឺជាមុខងារដែលមានលក្ខណៈជាជម្រើស។
មាត្រា ២២៨.-
មុខងារដែលមានលក្ខណៈជាជម្រើស ត្រូវប្រគល់ឱ្យ ប្រភេទក្រុមប្រឹក្សាណាមួយដែលសមស្រប។
មាត្រា ២២៩.-
ក្រុមប្រឹក្សាត្រូវបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសបន្តពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល បន្ទាប់ពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលបានផ្ទេរឱ្យក្រុមប្រឹក្សា។