មាត្រា ២៤៣.-
ក្រុមប្រឹក្សា ត្រូវគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន និងចំពោះរាជរដ្ឋាភិបាល។
មាត្រា ២៤៤.-
ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកមានសិទ្ធិទទួលបានចំណូលពីប្រភពនៅមូលដ្ឋាន ពីប្រភពនៅថ្នាក់ជាតិ និងពីប្រភពផ្សេងៗទៀតដោយអនុលោមទៅតាមច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ត្រូវមានថវិកាសម្រាប់អនុវត្តមុខងារភារកិច្ចរបស់ខ្លួន ដែលស្ថិតនៅក្នុងថវិការាជធានី និងថវិកាក្រុង។
មាត្រា ២៤៥.-
អភិបាល គឺជាអាណាប័កក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។
គណៈអភិបាលមានភារកិច្ចក្នុងការរៀបចំផែនការអភិវឌ្ឍកម្មវិធីវិនិយោគ បី (០៣) ឆ្នាំរំកិលប្រចាំឆ្នាំ គម្រោងថវិកា និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ដើម្បីដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័ត។
បែបបទ និងនីតិវិធីនៃការរៀបចំ ការអនុម័ត ការអនុវត្ត និងការទូទាត់ថវិកានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
មាត្រា ២៤៦.-
ចំណូលពីប្រភពនៅមូលដ្ឋានរួមមាន :
- ពន្ធនៅមូលដ្ឋាន
- ឈ្នួល កម្រៃ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត