This page has not been proofread.
សម្រេចរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដល់:
- ក្រុមប្រឹក្សាដែលត្រូវបានប្រគល់មុខងារ ឬ ធ្វើប្រតិភូកម្មមុខងារ
- ក្រុមប្រឹក្សាផ្សេងៗទៀត
- ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលដែលបានគ្រប់គ្រងលើមុខងារនោះពីមុនមក
- ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។
ផ្នែកទី ៦ របបហិរញ្ញវត្ថុរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
មាត្រា ២៤១.-
ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅទៅលើថវិការបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចមានចែងក្នុងមាត្រា ៤៤ នៃច្បាប់នេះ។
ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរួមចំណែកដល់ការបង្កើត ការជំរុញ និងការធ្វើឱ្យ មានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
មាត្រា ២៤២.-
ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ត្រូវមានធនធានហិរញ្ញវត្ថុសមស្រប ដើម្បី :
- គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចរបស់ខ្លួន
- ធ្វើការជ្រើសរើសក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសរបស់ខ្លួន
- អនុវត្តតួនាទី ភារកិច្ចតាមច្បាប់កំណត់
- ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង
- អនុវត្តមុខងារ ភារកិច្ច សម្រាប់ជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។