មាត្រា ២៥០.-
មូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌគឺជាមូលនិធិដែលក្រុមប្រឹក្សាត្រូវប្រើប្រាស់ :
- ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចមួយ ឬ ច្រើនដែលត្រូវបានផ្ទេរឱ្យក្រុមប្រឹក្សា តាមការប្រគល់មុខងារ ឬ ការធ្វើប្រតិភូកម្មមុខងារ ឬ
- ដើម្បីបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសមួយ ឬ ច្រើនដែលក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្ត ឬ
- សម្រាប់គោលបំណងជាកាតព្វកិច្ចមួយ ឬ ច្រើនដែលបានកំណត់។
មាត្រា ២៥១.-
មូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌគឺជាមូលនិធិដែលក្រុមប្រឹក្សា ត្រូវប្រើប្រាស់ដើម្បី :
- បំពេញភារកិច្ចតាមផ្លូវច្បាប់
- បំពេញមុខងារ ភារកិច្ច ក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យ មានចីវភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
- ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង
- ជ្រើសរើស គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសនានា។
មាត្រា ២៥២.-
ក្រុមប្រឹក្សាគ្មានសិទ្ធិខ្ចីប្រាក់ បោះផ្សាយសញ្ញាប័ណ្ណ ឬ/និងមូលប័ត្រ ធានាគ្រប់កិច្ចសន្យា និងប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុណាមួយដែលនាំឱ្យកើតជាបំណុល។
មាត្រា ២៥៣.-
ក្នុងការរៀបចំរបបហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បែបបទ និងនីតិវិធីនៃការរៀបចំ ការអនុម័ត និងកាអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រភពចំណូលរួមមាន ចំណូលពីថ្នាក់ជាតិ និងចំណូលនៅមូលដ្ឋាន ការផ្ទេរការឧបត្ថម្ភថវិការួមមានមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ និងមូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌពីថ្នាក់ជាតិទៅក្រុមប្រឹក្សា នៅថ្នាក់ក្រោមជាតិ ការផ្ទេរទ្រព្យ សម្បត្តិរដ្ឋ ការចាត់ចែង ការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដែលប្រគល់ឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិនិងទ្រព្យសម្បត្តិ