Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/70

From Wikisource
This page has not been proofread.

ដែល​ក្រុមប្រឹក្សា​រក​បាន​ដោយ​ខ្លួនឯង គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​សម្របសម្រួល​ជាមួយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​តាម​ការ​ចាំបាច់ ដើម្បី​បំពេញ​ការងារ​ខាងលើ​នេះ ដោយ​មាន​ផែនការ​ជា​ជំហានៗ​មាន​សនិទាន​ភាព មាន​ការ​សម្របសម្រួល មាន​ការ​ពិគ្រោះ​យោបល់ មាន​តម្លាភាព និង​មាន​គណនេយ្យភាព។

ផ្នែក​ទី ៧ ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

មាត្រា ២៥៤.-
ដើម្បី​ធានា​ឱ្យ ​ក្រុមប្រឹក្សា​មាន​លទ្ធភាព​អនុវត្ត​មុខងារ​ភារកិច្ច​របស់​ខ្លួន ផ្អែក​តាម​ច្បាប់​នេះ ចាំបាច់​ត្រូវ​ផ្ដល់​លទ្ធភាព​ឱ្យ ​ក្រុមប្រឹក្សា​ទទួល​បាន​នូវ​ទ្រព្យសម្បត្តិ​ចាំបាច់​នានា។ ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រួមមាន ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​បាន​ផ្ទេរ​ឱ្យ និង​ទ្រព្យសម្បត្តិ​ដែល​រក​បាន​ដោយ​ខ្លួនឯង ដែល​ក្នុង​ផ្នែក​នេះ​ហៅ​ថា​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។​

មាត្រា​ ២៥៥.-
ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ត្រូវ​បាន​ផ្ទេរ​ឱ្យ ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​ទ្រព្យសម្បត្តិ​ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​​អាច​គ្រប់គ្រង​និង​ ប្រើប្រាស់ និង​ទាញ​យក​ផល​ចំណូល​ពី​ទ្រព្យសម្បត្តិ​ទាំង​នោះ។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ថែរក្សា​ការពារ​ទ្រព្យសម្បត្តិ​ដែល​រដ្ឋ​ប្រគល់​ឱ្យ​ គ្រប់គ្រង​ឱ្យ​ បាន​គង់វង្ស ហើយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្មាន​សិទ្ធ​លក់ដូរ ឬ ផ្ទេរ​កម្មសិទ្ធិ ឬ ផ្ទេរ​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ទាំងនោះ ដោយ​គ្មាន​ការ​យល់​ព្រម​ជាមុន​ពី​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ទាប់​ពី​មាន​ការ​ឯកភាព​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឡើយ។ ការ​ត្រួតពិនិត្យ ការគ្រប់គ្រង ការ​ចាត់ចែង និង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យសម្បត្តិ​ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រក​បាន​​ដោយ​ខ្លួនឯង ត្រូវ​​កំណត់​ដោយ​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។