- ក្រុមប្រឹក្សាដែលកើតឡើងដោយការបោះឆ្នោតឡើងវិញខាងលើនេះ មានអាណត្តិស្មើនឹងអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សានោះ។
មាត្រា ២៦.-
ការបោះឆ្នោតឡើងវិញមិនត្រូវអនុញ្ញាតឱ្យធ្វើឡើយ ប្រសិនបើអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សាមានរយៈពេលមិនលើសពីមួយ រយប៉ែតសិប(១៨០)ថ្ងៃ។
មាត្រា ២៧.-
ក្នុងករណីដែលមានក្រុមប្រឹក្សាណាមួយត្រូវរំសាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចាត់វិធានការដើម្បីគ្រប់គ្រងជំនួស រហូតដល់មានក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។
មាត្រា ២៨.-
សមាជិកក្រុមប្រឹក្សានៅក្នុងមុខតំណែង ត្រូវទទួលប្រាក់ឧបត្ថម្ភ ដែលត្រូវបើកចេញពីគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សានោះ។
ប្រាក់ឧបត្ថម្ភខាងលើនេះ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្នែកទី ២ តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា
មាត្រា ២៩.-
ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញមុខងារភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់នេះ ឬ ដែលស្របតាមច្បាប់នេះ។
មាត្រា ៣០.-
ក្រុមប្រឹក្សា មានសិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងបញ្ញត្តិ និងសេចក្ដីសម្រេចខាងប្រតិបត្តិ។