- សាមីខ្លួនត្រូវបណ្ដេញចេញពីសមាជិកក្រុមប្រឹក្សា អនុលោមតាមច្បាប់ នីតិវិធី ឬបទបញ្ជាផ្ទៃក្នុង ឬ ក្រមសីលធម៌របស់ក្រុមប្រឹក្សា
- សាមីខ្លួនត្រូវតុលាការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ
- សាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវសម្រេច និងប្រកាសពីការបាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ក្នុងករណីដូចខាងលើនេះ។
មាត្រា ២៣.-
នៅពេលដែលមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពី ក្រុមប្រឹក្សា ត្រូវជ្រើសរើសបេក្ខជនលំដាប់លេខរៀងបន្ទាប់ ពីក្នុងបញ្ជីបេក្ខជនជាមួយមកជំនួសក្នុងរយៈពេលយ៉ាងយូរដប់បួន (១៤)ថ្ងៃ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ២៤.-
ប្រសិនបើក្រុមប្រឹក្សាណាមួយអនុវត្តផ្ទុយពីបទប្បញ្ញត្តិណាមួយនៃ រដ្ឋធម្មនុញ្ញ ឬច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការណែនាំជាលាយលក្ខណ៍អក្សរដល់ ក្រុមប្រឹក្សានោះឱ្យគោរព និងអនុវត្តបទប្បញ្ញត្តិទាំងនោះ នៅក្នុងអំឡុងពេលជាក់លាក់ និងសមហេតុផល។
ក្នុងករណីក្រុមប្រឹក្សានោះនៅតែមិនព្រមអនុវត្តតាមការណែនាំ រាជរដ្ឋាភិបាលត្រូវរំសាយក្រុមប្រឹក្សានោះដោយអនុក្រឹត្យតាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ២៥.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “គ.ជ.ប” ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្នុងករណីណាមួយដូចខាងក្រោម :
- ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មីដូចមានចែងក្នុងមាត្រា ៦ និងមាត្រា ៧ នៃច្បាប់នេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរពីររយសែសិប (២៤០) ថ្ងៃ
- ក្រុមប្រឹក្សាដែលត្រូវរំសាយតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់នៃច្បាប់នេះត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរមួយរយ ម្ភៃ(១២០)ថ្ងៃ។