Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/7

From Wikisource
This page has not been proofread.

មាត្រា ១៩.-
ក្រុមប្រឹក្សា​នីមួយៗ​ត្រូវ​ធ្វើ​ជា​តំណាង និង​ធ្វើ​សកម្មភាព​ក្នុង​នាម​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​រស់នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មាត្រា ២០.-
ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​ មាន​ចីរ​ភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មាត្រា ២១.-
ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ និង​មាន​លក្ខណ​សម្បត្តិ ដូច​ខាង​ក្រោម :

  • មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត
  • មាន​អាយុ​យ៉ាង​តិច​ម្ភៃប្រាំ(២៥)ឆ្នាំ គិត​មក​ដល់​ថ្ងៃ​បោះឆ្នោត
  • មាន​សិទ្ធ​បោះ​ឆ្នោត និង​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា។

មាត្រា ២២.-
សមាជិក​ក្រុមប្រឹក្សា​ម្នាក់ ត្រូវ​បាត់បង់​សមាជិកភាព​​ពី​សមាជិក​ក្រុមប្រឹក្សា​ក្នុង​ករណី​ណាមួយ ដូច​ខាង​ក្រោម :

  • សាមីខ្លួន​បាត់​បង់​លក្ខណ​សម្បត្តិ និង​លក្ខខណ្ឌ សម្រាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា
  • សាមី​ខ្លួន​សុំ​លាឈប់​ពី​ក្រុមប្រឹក្សា តាម​ការ​ដាក់​ពាក្យ​សុំ​លា​ឈប់​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ប្រធាន​ក្រុមប្រឹក្សា
  • សាមីខ្លួន​ទទួល​មរណភាព
  • សាមីខ្លួន​មិនបាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ ជាប់ៗ​គ្នា ចាប់​ពី ពីរ (០២) ដង​ឡើង​ទៅ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត