មាត្រា ១៦.-
ក្នុងពេលរង់ចាំក្រុមប្រឹក្សាថ្មីចូលកាន់មុខតំណែង ក្រុមប្រឹក្សាដែលចប់អាណត្តិមានសិទ្ធិអនុវត្តតែកិច្ចការរដ្ឋបាល ប្រចាំថ្ងៃតែប៉ុណ្ណោះ។
មាត្រា ១៧.-
ក្រុមប្រឹក្សានីមួយៗ ត្រូវមានប្រធានម្នាក់។
ប្រធានក្រុមប្រឹក្សា គឺជាបេក្ខជនដែលស្ថិតនៅលំដាប់លេខរៀងលើគេនៃបញ្ជីបេក្ខជនដែលមាន អាសនៈច្រើនជាងគេ នៅក្នុងក្រុមប្រឹក្សា។
ក្នុងករណីដែលបញ្ជីបេក្ខជនមានអាសនៈស្មើគ្នានៅក្នុងក្រុមប្រឹក្សា ប្រធានក្រុមប្រឹក្សា ត្រូវជ្រើសរើសយកបេក្ខជន ដែលមានលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលមានសំឡេងឆ្នោតបានការច្រើន ជាងគេ។
មាត្រា ១៨.-
ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់ដោយផ្អែកតាមកត្តាប្រជារាស្ត្រនឹងកត្តាភូមិសាស្ត្រ ដូចខាងក្រោម :
- ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួនសមាជិកមិនលើសពីម្ភៃមួយ (២១) រូប
- ក្រុមប្រឹក្សាខេត្ត មានចំនួនសមាជិកពីប្រាំបួន (០៩)រូប ដល់ម្ភៃមួយ(២១)រូប
- ក្រុមប្រឹក្សាក្រុង មានចំនួនសមាជិកពីប្រាំពីរ (០៧)រូប ដល់ដប់ប្រាំ (១៥)រូប
- ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួនសមាជិកពីប្រាំពីរ (០៧)រូប ដល់ដប់ប្រាំបួន (១៩) រូប។
ចំនួនជាក់ស្ដែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងតិចមួយរយម្ភៃ (១២០)ថ្ងៃ មុនពេលផុតកំណត់អាណត្តិរបស់ក្រុមប្រឹក្សា។ ក្នុងករណីគ្មានអនុក្រឹត្យ ចែងអំពីចំនួនសមាជិកក្រុមប្រឹក្សាអាណត្តិបន្ទាប់ទេនោះចំនួនសមាជិក សរុបរបស់ក្រុមប្រឹក្សា សម្រាប់ក្រុមប្រឹក្សានីមួយៗ ត្រូវយកតាមចំនួនសរុបចុងក្រោយនៃក្រុមប្រឹក្សាអាណត្តិចាស់។