ផ្នែកទី ៣ : អំពីការកើននៃកម្មសិទ្ធិ
អនុផ្នែកទី ១ : អំពីការកើនដោយអំពើរបស់មនុស្ស
មាត្រា ៩៦ .
-សំណង់ ដំណាំនិងការ្យទាំងឡាយដែលបានធ្វើនៅលើដីឬនៅក្រោមដី ត្រូវបានចាត់ទុកថាបានធ្វើដោយកម្មសិទ្ធិករ ដោយសោហ៊ុយផ្ទាល់ខ្លួនហើយជារបស់កម្មសិទ្ធិករនោះលើកលែងតែមានភស្តុតាងផ្ទុយពីនេះ។
មាត្រា ៩៧ .
-កម្មសិទ្ធិករនៃដីដែលបានធ្វើការសាងសង់ ដាំដុះ ឬរៀបចំដោយប្រើសម្ភារៈដែលមិនមែនជារបស់ខ្លួនត្រូវចេញថ្លៃសម្ភារៈទាំងនោះឱ្យម្ចាស់គេវិញ។ កម្មសិទ្ធិករនោះអាចត្រូវផ្ដន្ទាទោសឱ្យសងជម្ងឺចិត្តផងដែរ ប្រសិនជាមាន ប៉ុន្តែម្ចាស់សម្ភារៈគ្មានសិទ្ធិដកយកសម្ភារៈនោះចេញឡើយ។
មាត្រា ៩៨ .
-កាលបើដំណាំ សំណង់និងការរៀបចំទាំងឡាយត្រូវបានធ្វើឡើងដោយបំពានពីតតិយជននិងដោយសម្ភារៈរបស់ខ្លួន កម្មសិទ្ធិករនៃដីមានសិទ្ធិរក្សាទុករបស់នោះឬបង្ខំឱ្យតតិយជននោះដកយកចេញបាន។
ប្រសិនជាកម្មសិទ្ធិករនៃដីសុំដកយកចេញនូវដំណាំនិងសំណង់ដែលបានធ្វើដោយបំពានសោហ៊ុយនៃការដកចេញជាបន្ទុករបស់តតិយជន ហើយគ្មានសំណងណាមួយសំរាប់អ្នកនោះទេ។ តតិយជននោះក៏អាចត្រូវផ្ដន្ទាទោសឱ្យសងជម្ងឺចិត្តផងដែរ ប្រសិនបើមានព្យសនកម្មជាយថាហេតុដល់កម្មសិទ្ធិករនៃដី។ ប្រសិនបើកម្មសិទ្ធិករចង់រក្សាទុកដំណាំនិងការ្យទាំងនោះ កម្មសិទ្ធិករនោះត្រូវសងថ្លៃសម្ភារៈនិងថ្លៃការងារដោយមិនគិតដល់តម្លៃលើស តិចឬច្រើន ដែលដីអាចនឹងកើនតម្លៃនោះទេ។
ចំពោះដំណាំ សំណង់ឬការ្យទាំងឡាយណាដែលបានធ្វើដោយតតិយជនដោយសុចរិតដូចមានចែងក្នុងមាត្រា ៣៨ នៃច្បាប់នេះ កម្មសិទ្ធិករមិនអាចសុំដកយកចេញនូវការ្យ ដំណាំឬការរៀបចំទាំងនោះបានឡើយ។ កម្មសិទ្ធិករមានជំរើសពីរ ឬមួយសងថ្លៃសម្ភារៈនិងថ្លៃពលកម្ម ឬមួយសងជាទឹកប្រាក់ស្មើនឹងតម្លៃលើសដែលដីបានកើនតម្លៃក៏បាន។