មាត្រា ១០៣ .
-កោះធំ កោះតូចនិងដីដុះទាំងឡាយដែលនឹងកកើតថ្មីក្នុងស្ទឹង ព្រែកដែលនាវាឬក្បូនចេញចូលមិនបាន បណ្ដែតមិនបាន ត្រូវបានកម្មសិទ្ធិករនៃដីជាប់ច្រាំងដែលមាន កោះ ឬដីដុះនោះ។ ប្រសិនបើការដុះនោះមិនបានដុះជ្រុលទៅច្រាំងម្ខាងទេនោះ ត្រូវបានទៅកម្មសិទ្ធិករដែលមានដីជាប់ច្រាំងទាំងសងខាងគិតពីបន្ទាត់ពុះពាក់កណ្ដាលស្ទឹង។
មាត្រា ១០៤ .
-ប្រសិនបើស្ទឹង ព្រែកឬទន្លេបង្កើតជាផ្លូវទឹកថ្មីមួយកាត់យកដីកម្មសិទ្ធិអ្នកនៅជាប់មាត់ទឹកណាម្នាក់ ហើយបង្កើតបានជាកោះមួយ កម្មសិទ្ធិករនោះរក្សាបានសិទ្ធិជាកម្មសិទ្ធិនៃដីរបស់ខ្លួនដែលដាច់នោះដដែល ទោះបីជាកោះនោះដុះក្នុងទន្លេឬស្ទឹង ព្រែកដែលនាវាឬក្បូនចេញចូលបានបណ្ដែតបានក៏ដោយ។
មាត្រា ១០៥ .
ប្រសិនជាទន្លេឬស្ទឹង ព្រែកណាមួយដែលនាវាឬក្បូនចេញចូលបាន បណ្ដែតបាន បង្កើតជាផ្លូវទឹកថ្មីមួយដោយបោះបង់ចោលផ្លូវទឹកចាស់ កម្មសិទ្ធិករដែលមានដីជាប់ច្រាំងនោះ អាចធ្វើលទ្ធកម្មសិទ្ធិក្នុងផ្ទៃទន្លេឬស្ទឹង ព្រែកចាស់ដែលគោកនោះបាន ហើយម្នាក់ៗត្រូវបានតាមសិទ្ធិរបស់ខ្លួនរហូតដល់ខ្សែបន្ទាត់ដែលពុះពាក់កណ្ដាលទន្លេ ឬស្ទឹង ព្រែក នោះ។ ថ្លៃដីនៃផ្លូវទឹកចាស់នោះត្រូវបានកំណត់ដោយអ្នកជំនាញដែលតែងតាំង ដោយតុលាការខេត្ត-ក្រុងទីនោះ តាមពាក្យស្នើសុំពីអាជ្ញាធរខេត្ត-ក្រុងឬពីភាគីដែលមានប្រយោជន៍ក្នុងរឿងនេះ។
បើកម្មសិទ្ធិករនៅមាត់ទឹកនោះមិនចង់បានដីនោះតាមថ្លៃដែលអ្នកជំនាញកំណត់ទេអាជ្ញាធរត្រូវលក់ឡាយឡុងផ្លូវទឹកចាស់នោះឱ្យសាធារណជន។ ថ្លៃដែលបានមកពីការលក់ដីនោះ ត្រូវយកទៅចែកឱ្យកម្មសិទ្ធិករដែលមានដីដាច់ទៅនោះ តាមសមាមាត្រនៃដីដែលខូចខាតរៀងៗខ្លួន។
1432