Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/34

From Wikisource
This page has not been proofread.

ផ្នែក​ទី ៤ : អំពី​ការជួល​អចលនវត្ថុ​

មាត្រា ១០៦.

-​បើ​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​អាច​ជួល​ទ្រព្យ​របស់ខ្លួន​ឱ្យ​អ្នកដទៃ​បាន​។ ការជួល​ជា​កិច្ចសន្យា​ដែល​កម្មសិទ្ធិករ​នៃ​ទ្រព្យ​មួយ​ប្រគល់​ទ្រព្យ​នោះ​ឱ្យ​ជនណាម្នាក់​ប្រើប្រាស់​ក្នុង​រយៈពេល​មួយ ដោយ​យក​ជា​ប្រាក់​ឈ្នួល​មកវិញ​យ៉ាង​ទៀងទាត់​តាម​សមាមាត្រ​នៃ​រយៈពេល​ប្រើប្រាស់​។ កិច្ចសន្យា​នៃ​ការជួល​អចលនវត្ថុ​ហៅថា​ភតិសន្យា​។ ​កិច្ចសន្យាជួល​អចលន​វត្ថុ​មាន​ពីរ​យ៉ាង​គឺ ការជួល​រយៈពេល​មិន​កំណត់ និង​ការជួល​រយៈពេល​កំណត់​។ ការជួល​រយៈពេល​កំណ​ត់​មាន ការជួល​រយៈពេល​ខ្លី​អាច​បន្ត​ជាថ្មី​បាន និង​ការជួល​រយៈពេល​វែង ១៥ (​ដប់​ប្រាំ​) ឆ្នាំ ឬ​លើស​។ ​

មាត្រា ១០៧ .

-​កិច្ចសន្យាជួល​រយៈពេល​មិន​កំណត់​ឬ​រយៈពេល​ខ្លី ហើយ​អាច​បន្ត​ជួល​ជាថ្មី​បាន​បង្កើតបានជា​ទំនាក់ទំនង​ផ្ទាល់ខ្លួន​រវាង​ភតិសន្យាបតី​និង​អ្នក​ជួល​។ ​ការជួល​បន្ត​ឱ្យ​តតិយជន​អាចធ្វើ​ទៅបាន លុះត្រាតែ​មានការ​ព្រមព្រៀង​ដោយ​ជាក់លាក់​ឬ​ការអនុញ្ញាត​ពី​កម្មសិទ្ធិករ​។ ​

មាត្រា ១០៨ .

-​កិច្ចសន្យាជួល​រយៈពេល​វែង​បង្កើតបានជា​សិទ្ធិ​ភ​ណ្ឌិ​កលើ​អចលនវត្ថុ​។ សិទ្ធិ​នេះ​អាច​ត្រូវបាន​ប្រគល់ឱ្យ​ដោយមាន​ថ្លៃ ឬ​ផ្ទេរ​បន្ត​តាមរយៈ​សន្តតិ​កម្ម​។ ​ទ្រព្យ​ដែល​បាន​ជួល​រយៈពេល​វែង​អាចជា​កម្មវត្ថុ​នៃ​ការរៀបចំ​និង​ការ​បំប្លែង កុំឱ្យ​ការងារ​នោះ​មាន​អនុភាព​បំផ្លាញ​ឬ​បំប្លែង​ជា​សារវន្ត​នូវ​សភាព​ដើម​នៃ​វត្ថុ​នោះ លើកលែង​ករណី​មានចែង​ដោយឡែក​ក្នុង​ភតិសន្យា​។ ​នៅពេល​ផុតកំណត់​នៃ​ការជួល ភតិសន្យាបតី​ឬ​ទាយាទ​ទាំងឡាយ​របស់​ជននេះ​ទទួលបាន​មកវិញ​នូវ​កម្មសិទ្ធិ​ពេញលេញ​នៃ​សំណង់ ដោយ​គ្មាន​ការសង​សោហ៊ុយ​ក្នុងការ​រៀបចំ​ឬ​កែលំអ​ទាំងឡាយ​ដែល​បានធ្វើ​ដោយ​អ្នក​ជួល​។ ភតិសន្យាបតី​ឬ​ទាយាទ​មិនអាច​បង្ខំ​អ្នក​ជួល​ឱ្យ​ប្រគល់​អចលនវត្ថុ​តាម​ស្ថានភាព​ដើម​បានឡើយ បើសិនជា​អ្នក​ជួល​គោរព​បទ​ប្បញ្ញត្តិ​នៃ​វាក្យខណ្ឌ ២ នៃ​មាត្រា​នេះ​។ ​


1433