ផ្នែកទី ១ : អំពីផលុបភោគ
មាត្រា ១១៩ .
- ផលុបភោគគឺការអាស្រ័យផលនៃអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃ សំរាប់រយៈពេលមួយកំណត់មិនអោយលើសពីមួយអាយុជីវិតនៃអ្នកបានសិទ្ធិអាស្រ័យផលនោះឡើយ។
មាត្រា ១២០ .
- ផលុបភោគបង្កើតឡើងដោយច្បាប់ឬដោយការព្រមព្រៀង។ ផលុបភោគអាចបង្កើតឡើងដោយឥតកំណត់កាលក៏បាន ឬមានកំណត់កាលក៏បាន ឬរហូតដល់បំពេញបានសម្រេចនូវលក្ខខណ្ឌដែលបានកំណត់ក៏បាន។ ប្រសិនបើលក្ខខណ្ឌនៃរយៈពេលមិនបានបញ្ជាក់ ផលុបភោគត្រូវបានចាត់ទុកថាបង្កើតឡើងសំរាប់រយៈពេលមួយអាយុជីវិតនៃអ្នកទទួលសិទ្ធិផលុបភោគ។ កិច្ចសន្យាផលុបភោគនឹងយកជាការបាន លុះត្រាតែបានធ្វើលិខិតតាមរូបមន្តយថាភូត។ កិច្ចសន្យានេះមិនអាចជំទាស់ពីតតិយជនបាន លុះត្រាតែបានចុះបញ្ជីសុរិយោដីរួចហើយ។
មាត្រា ១២១ .
- ផលុបភោគីមានសិទ្ធិអាស្រ័យផលគ្រប់ប្រភេទ ជាផលធម្មជាតិ ជាផលស៊ីវិលដែលកើតចេញពីអចលនវត្ថុដែលខ្លួនមានសិទ្ធិ។
មាត្រា ១២២ .
- ផលធម្មជាតិដែលជាប់នឹងដី នៅពេលចាប់ផ្ដើមផលុបភោគត្រូវបានទៅផលុបភោគី។ ផលធម្មជាតិដែលមានស្ថានភាពដូចគ្នា នៅពេលចប់ផលុបភោគ ត្រូវបានទៅអសារកម្មសិទ្ធិករដោយគ្មានការទូទាត់ទៅវិញទៅមកសំរាប់ការងារភ្ជួររាស់ឬច្រូតកាត់ឬពូជធារអ្វីឡើយ។ ប៉ុន្តែបើមានអ្នកជួលឬប្រវាស់រួចហើយ នៅពេលចាប់ផ្ដើមឬនៅពេលបញ្ចប់ផលុបភោគ អ្នកជួលឬអ្នកប្រវាស់នេះមិនត្រូវបាត់បង់ចំណែកដែលត្រូវបានមកខ្លួននោះទេ។
1436