មាត្រា ២៧៣.-
បែបបទ និងនីតិវិធីនៃការពិនិត្យ និងការកែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិកត្រូវកំណត់ដោយ អនុក្រឹត្យ តាមសំណើរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ជំពូកទី ៦៖ អំពីទោសប្បញ្ញត្តិ
មាត្រា ២៧៤.-
សមាជិកក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល និងបុគ្គលិករបស់ក្រុមប្រឹក្សាដែលមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់ នេះ ត្រូវទទួលវិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ និងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីផ្សេងទៀត។
មាត្រា ២៧៥.-
វិន័យដែលត្រូវអនុវត្តចំពោះសមាជិកក្រុមប្រឹក្សាដែលបានប្រព្រឹត្ត នូវកំហុស ត្រូវផ្អែកតាមគោលការណ៍នៃបទប្បញ្ញត្តិដូចមានចែងក្នុងចំណុចទី ៤ ចំណុចទី ៥ មាត្រា ២២ នៃច្បាប់នេះ។
មាត្រា ២៧៦.-
វិន័យដែលត្រូវអនុវត្ត ចំពោះគណៈអភិបាល នាយករដ្ឋបាល បុគ្គលិកក្រុមប្រឹក្សាត្រូវផ្អែកតាមគោលការណ៍នៃបទប្បញ្ញត្តិដូចមាន ចែងក្នុងចំណុចទី ៣ និងចំណុចទី ៦ មាត្រា ១៥១ នៃច្បាប់នេះ ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលក្ខន្តិកៈដោយឡែករបស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។