ជំពូកទី ៧៖ អំពីអន្តរប្បញ្ញត្តិ
ផ្នែកទី ១ ការផ្ទេរសិទ្ធិ និងការទទួលខុសត្រូវ
មាត្រា ២៧៧.-
រដ្ឋាភិបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌដែលត្រូវបានបង្កើតឡើងដោយច្បាប់នេះនឹងជំនួសរដ្ឋបាល ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលបច្ចុប្បន្ននេះ។
មាត្រា ២៧៨.-
អភិបាលរាជធានី អភិបាលខេត្ត អភិបាលក្រុង អភិបាលខណ្ឌ អភិបាលស្រុកដែលបានតែងតាំងឡើងនៅមុនពេលច្បាប់នេះចូលជាធរមាន ត្រូវបន្តស្ថិតក្នុងមុខតំណែងនិងបំពេញការងាររហូតដល់មាន ក្រុមប្រឹក្សា និងគណៈអភិបាលដែលបានរៀបចំឡើងស្របតាមច្បាប់នេះមកជំនួស។
មាត្រា ២៧៩.-
ការតែងតាំងគណៈអភិបាលសម្រាប់ក្រុមប្រឹក្សាអាណត្តិទី ១ នេះ ត្រូវធ្វើឡើងយ៉ាងយូរដប់បួន (១៤)ថ្ងៃ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “គ.ជ.ប” ប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នីមួយៗនោះ។
មាត្រា ២៨០.-
ដីកា លិខិតបទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀង ការងារ ទ្រព្យសម្បត្តិ ចំណូល និងប្រាក់ទាំងអស់ដែលអនុវត្ត ឬ ដែលបានកាន់កាប់ដោយ ឬ ក្នុងនាមរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ នៅមុនពេលច្បាប់នេះចូលជាធរមាន ដីកា លិខិតបទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀងការងារ ទ្រព្យសម្បត្តិ ចំណូល និងប្រាក់ទាំងអស់នោះត្រូវអនុវត្ត និងចាត់ចែងបន្តដោយរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាល ស្រុក រដ្ឋបាលខណ្ឌ។