មាត្រា ២៨១.-
អង្គភាព និងមន្ត្រីបុគ្គលិកដែលបំពេញការងារក្នុងអង្គភាពរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ នៅមុនពេលច្បាប់នេះចូលជាធរមាន ត្រូវបន្តជាអង្គភាព និងជាមន្ត្រីបុគ្គលិកនៃអង្គភាពទាំងនោះរបស់រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ រហូតដល់មានការរៀបចំជាថ្មី។
មាត្រា ២៨២.-
ក្រសួងមហាផ្ទៃ ត្រូវធ្វើការកំណត់ និងកត់ត្រានូវការផ្ទេរ និងការទទួលយកនូវសិទ្ធិ កាតព្វកិច្ចទាំងអស់ កម្មសិទ្ធិ ទ្រព្យសម្បត្តិ ចំណូល និងប្រាក់ ព្រមទាំងអង្គភាព បុគ្គលិកពីរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ បច្ចុប្បន្នជូនទៅរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ ឱ្យ បានសមស្រប និងមានតម្លាភាព។
ផ្នែកទី ២ ក្រុមប្រឹក្សាឃុំ សង្កាត់
មាត្រា ២៨៣.-
ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា លើកលែងតែគោលការណ៍ដូចមានចែងក្នុងមាត្រា ៨៨គោលការណ៍នៃផ្នែកទី ៦ ផ្នែកទី ៧ ផ្នែកទី ៨ នៃជំពូកទី ២ និងគោលការណ៍នៃជំពូកទី ៥ នៃច្បាប់នេះ។
មាត្រា ២៨៤.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ត្រូវរៀបចំលិខិតបទដ្ឋានសម្រាប់គាំទ្រឃុំ សង្កាត់ ដើម្បីអនុវត្តបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ៨៨ គោលការណ៍នៃផ្នែកទី ៦ ផ្នែកទី ៧ ផ្នែកទី ៨ ផ្នែកទី ៩ នៃជំពូកទី ២ និងគោលការណ៍នៃជំពូកទី ៥ នៃច្បាប់នេះ។